ខេត្តកំពង់ធំ÷ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារថា
សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងបងប្អូនអ្នកនិយមលេងបណ្ដាញសង្គមឲ្យបានជ្រាបថា÷ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៦ មានគណនី facebook ឈ្មោះ Ra Vy បានផ្សព្វផ្សាយខ្លឹមសារថា “ប្អូនស្រីៗ ស្រុកស្ទោងលូវកាចៗម្លះ ស៊ីអីប្អូនទាយមើលកំម្ពស់មាណ”
ដោយភ្ជាប់ជាមួយឃ្លីបវីដេអូសកម្មភាពក្មេងស្រី០២នាក់ កំពុងវាយតប់គ្នាទៅវិញទៅមក ស្ថិតនៅចំណុចភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកស្ទោងបានធ្វើការស្រាវជ្រាវ ព្រមទាំងនាំខ្លួនក្មេងស្រីសិស្សសាលាទាំង០២ក្រុម សរុបចំនួន០៩នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរនាំ ហើយករណីខាងលើនេះមិនបង្កឱ្យមានរបួសស្នាមនោះទេ។
ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត សមត្ថកិច្ចជំនាញបានធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាពនានា ដែលសង្គមស្អប់ខ្ពើម ព្រមទាំងមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត ទៀត។
មូលហេតុ÷ មិនមានបង្កឱ្យមានរបួសស្នាម។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមលេងបណ្ដាញសង្គមមេត្តាជ្រាប ៕

ដោយ÷ចន្ទ លីហ្សា










