ក្រុមហ៊ុនអន្តរជាតិផ្នែកអាកាសយានដ្ឋាន រួមដៃជាមួយកម្ពុជា បន្តសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានឱ្យថឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១០ មីនានៅទីស្តីការក្រសួងទេសចរណ៍។

 

ក្នុងជំនួបកិច្ចពិភាក្សានេះ លោកតំណាងក្រុមហ៊ុន បានជម្រាបអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រុមហ៊ុន និងការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

 

ជាកិច្ចឆ្លើយតប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។

 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

...

 

តាមរយៈកិច្ចជំនួបដ៏សំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print