អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សេចក្តីបំភ្លឺព័ត៌មាននិងការបញ្ជាក់ជំហររបស់កម្ពុជាក្នុងដំណោះស្រាយបញ្ហាព្រំដែនតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានថៃ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជម្រាបជូនជនរួមជាតិជ្រាបដូចខាងក្រោម៖

 

ព័ត៌មានទី១៖ សេចក្តីបំភ្លឺព័ត៌មាននិងការបញ្ជាក់ជំហររបស់កម្ពុជាក្នុងដំណោះស្រាយបញ្ហាព្រំដែនតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានថៃ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់ឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារដែលមានន័យថា កិច្ចចរចាអំពីបញ្ហាព្រំដែនដើម្បីទាមទារទឹកដីមកវិញនឹងត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

 

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនដូចតទៅ៖

 

ទី១៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាពុំដែលបានមានប្រសាសន៍ ឬបង្ហោះសារលើបណ្តាញសង្គមណាមួយអំពីពេលវេលានៃការចរចា តាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលថាអាចនឹងត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីរួច ដូចដែលសារព័ត៌មានថៃបានលើកឡើងខាងលើនោះឡើយ។

 

ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែន មានភាពច្បាស់លាស់ គឺកម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំរហូតដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។

 

ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើរជាផ្លូវការទៅកាន់ភាគីថៃចំនួន៥លើកមកហើយ ដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារវាស់វែងព្រំដែននៅលើដីជាក់ស្តែង។

 

ព័ត៌មានទី២៖ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅមជ្ឈិមបូព៌ា៖

 

រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ និងមានក្តីបារម្ភបំផុតចំពោះការវិវត្តនៃសភាពការណ៍នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ក្នុងការតាមដានពីសុខទុក្ខ និងឆ្លើយតបសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាពរបស់ពួកគេ។

 

តាមព័ត៌មានដែលទទួលបានថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជារួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។

 

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់ពលរដ្ឋកម្ពុជា ព្រមទាំងសិស្ស-និស្សិត ដែលកំពុងស្នាក់នៅ និងសិក្សាតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួមមានដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន សូមបន្តគោរពតាមការណែនាំរបស់ប្រទេសម្ចាស់ផ្ទះអំពីកិច្ចការពារសុវត្ថិភាពផ្ទាល់ខ្លួន។

 

ក្នុងករណីត្រូវការជំនួយផ្នែកកុងស៊ុល ឬព័ត៌មាននានា សូមទាក់ទងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬស្ថានទូតកម្ពុជា តាមទូរស័ព្ទ ដូចខាងក្រោម៖

១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (នាយកដ្ឋានកុងស៊ុល) + 855 12 652 497 ឬ 087 999 988

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ + 90 534 459 9689

៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត + 965 960 58678

...

៤. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប + 20 115 627 9999៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print