រដ្ឋមន្ត្រីការបរទេសកម្ពុជា-សិង្ហបុរី បានបញ្ជាក់អំពីការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ នឹងស្ថិរភាពនៅក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅព្រឹកទី១២ ខែមីនា ឆ្នាំ២២៦នេះថា៖ តាមការអញ្ជើញរបស់ លោក បណ្ឌិតវីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ ដល់១១ ខែមីនា ឆ្នាំ២០២៦។

 

ក្នុងឱកាសទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបសម្តែងការគួរសមចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង បានផ្តល់ការ ស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ថាទស្សនកិច្ចនេះជាការឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្តធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីយូរអង្វែង រវាងកម្ពុជា និងសិង្ហបុរី។

 

លោក ប្រាក់ សុខុន និងឯកឧត្តម បណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ បានពិភាក្សាប្រកបដោយផ្លែផ្កា អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ចាប់ពីកិច្ចសហប្រតិបត្តិការនយោបាយ រហូតដល់ កិច្ចសហការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងស្វែងរកវិស័យថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការ។

 

*កិច្ចសហប្រតិបត្តិការនយោបាយ

 

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួម ក្នុងការជំរុញទំនាក់ទំនងដល់កក់ក្ដៅដែលមានស្រាប់ ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ទៀតទាត់ ដែលជាកត្តាដ៏សំខាន់សម្រាប់ជំរុញភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលកំពុងមានការរីកចម្រើន ។ ទស្សនកិច្ច ផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសសិង្ហបុរី នៅក្នុងខែមិថុនា ឆ្នាំ២០២៤ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង នៅកម្ពុជា នៅក្នុងខែ កក្កដា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី។

 

*កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ

 

លោករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃការសម្របសម្រួល រវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងនេះ ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិង្ហបុរី ដែលបន្តគាំទ្រការកសាង សមត្ថភាពកងយោធពលខេមរភូមិន្ទ។

 

*កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

 

ភាគីទាំងពីរបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យសន្តិសុខស្បៀង និងសន្តិសុខថាមពល ។ លោករដ្ឋមន្ត្រីទាំងពីរបាន គូសបញ្ជាក់អំពីសារសំខាន់នៃការទាញយកផលប្រយោជន៍ពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមក រវាង ប្រទេសទាំងពីរ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងវិបុលភាពរួម ហើយរង់ចាំការចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀងក្នុងពេលឆាប់ៗខាងមុខ ។

 

*ការកសាងសមត្ថភាព និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន

 

លោករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពីតួនាទីដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសិង្ហបុរី ដែលបន្តគាំទ្រ កិច្ចការដ៏មានសារសំខាន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅតាមផ្ទះក្នុង ប្រទេសសិង្ហបុរី។ លោកក៏បានអរគុណសិង្ហបុរីចំពោះការដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីនៃប្រភពទីផ្សារ ការងារមិនមែនប្រពៃណី (NTS) សម្រាប់ការទទួលយកពលករបរទេសទៅធ្វើការ។

 

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទៃទៀត លោករដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈយ៉ាងស៊ីជម្រៅអំពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់រួម ។ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពីស្ថានភាពពលរដ្ឋភៀសសឹក ដែលនៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ រដ្ឋមន្ត្រីទាំងពីរក៏បានបញ្ជាក់អំពី ការប្តេជ្ញារួម ក្នុងការគាំទ្រផលប្រយោជន៍ស្នូលទៅវិញទៅមក និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ នឹងស្ថិរភាពនៅក្នុងតំបន់។

...

 

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត វីវៀន បាឡា គ្រឹស្សណាន់ ព្រមទាំងក្រុមការងារ ដែលបានរៀបចំទទួលដ៏ល្អឥតខ្ចោះ និងបានផ្តល់បដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ហើយឯកឧត្តម រង់ចាំឱកាសស្វាគមន៍ លោកបណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ និងភរិយា អញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជា នាពេលវេលាសមស្រប៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print