រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដនៅរាជធានី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខណៈព្រឹត្ដិការណ៏បែបនេះរាល់ឆ្នាំធ្វើនៅតែខេត្ដសៀមរាប ។

  ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានកោះប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍នេះក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារ ណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ។តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា យើងនឹងរៀបចំព្រឹត្តិការណ៍នេះធំជាងឆ្នាំកន្លងទៅនៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសាខាងមុខនេះ។

   លោក ឃួង ស្រេង បានបន្តថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃ ខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។

   លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុងនិងក្រៅស្រុក។ ជាមួយនិងការផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។

  លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា៖ ការឈ្លានពានពីអ្នកជិតខាង ធ្វើឱ្យយើង មានស្មារតី សាមគ្គីភាពកាន់តែខ្លាំងឡើង។រិតតែឈ្លានពាន ខ្មែរកាន់តែរួបរួម។សេដ្ឋកិច្ចយើងរីកចំរើន វិស័យការពារជាតិយើងកាន់តែរឹងមាំ។

   សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខ វត្តបទមវតីទី២បាសាក់លែនៅផ្លូវលេខ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕ ដោយ  សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print