ភ្នំពេញ៖ បណ្តាញសារព័ត៌មានអន្តរជាតិធំៗដែលផ្សាយជាភាសាចិន បាននាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតអំពីវិធានការក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត Online Scam ចេញពីប្រទេសនារយៈពេលចុងក្រោយនេះ។ ខ្លឹមសារគោលរបស់សារព័ត៌មានទាំងអស់នេះ គឺបានដកស្រង់ប្រភពចេញពីសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាចិន របស់ប្រទេសកម្ពុជា ដែលបានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
ផ្តើមចេញដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China News Service បានដកស្រង់ពីចេញ CCTimes ផ្សាយក្រោមចំណងជើងថា «ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)ថា ការអនុវត្តច្បាប់ និងការតាក់តែងច្បាប់ កំពុងដើរទន្ទឹមគ្នា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត»។ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិននេះ បានបង្ហាញពីវិធានការច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប Online Scam តាមរយៈការពង្រឹងទាំងការអនុវត្តច្បាប់ និង ការរៀបចំច្បាប់ថ្មី ព្រមទាំងរំលេចពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិនក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម online scam។
ចំណែកកាសែត Guangxi Daily របស់ចិន បានរាយការណ៍ក្រោមចំណងជើងថា «លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់ថា កម្ពុជាគ្រោងដាក់ចេញច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏តឹងរ៉ឹងបំផុត ជាមួយការដាក់ទោសធ្ងន់បំផុតដល់ទៅ ៣០ ឆ្នាំ» ។ខ្លឹមសារនៃកាសែតនេះ គឺបានរាយការណ៍ផ្តោតលើផែនការរបស់កម្ពុជា ក្នុងការចេញច្បាប់ថ្មី ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំង Online scam។
យើងមកមើលសារព័ត៌មាននៅហុងកុង គឺកាសែត Sing Tao Daily វិញម្តង។កាសែតនេះ បានចាប់ចំណងជើងធំៗថា «គណៈកម្មការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជា ប្តេជ្ញាលុបបំបាត់ឧក្រិដ្ឋកម្មឆបោកទាំងស្រុង»។ កាសែតដ៏មានឥទ្ធិពលនៅទីក្រុងហុងកុងនេះ បានរាយការណ៍បន្តពី CCTimes ពីប្រសាសន៍លោក ឆៃ ស៊ីណារិទ្ធ ដែលបានបញ្ជាក់ថា កម្ពុជាបានរៀបចំផែនការជាប្រព័ន្ធ និងប្តេជ្ញាលុបបំបាត់បណ្តាញឧក្រិដ្ឋកម្ម online scam ទាំងស្រុង តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការតាក់តែងច្បាប់ថ្មី។កាសែតនេះ ថែមទាំងរំលេចពីប្រសាសន៍ លោក ស៊ីណារិទ្ធ ពីវិធានការអនុវត្តមិនមែនដោយសារតែសម្ពាធពីប្រទេសណាមួយឡើយ ប៉ុន្តែដើម្បី «ស្តារមុខមាត់ប្រទេសជាតិឡើងវិញ»។
រីឯកាសែតភាសាចិនដ៏ធំនៅសិង្ហបុរី គឺ Lianhe Zaobao បានចេញផ្សាយហាក់ខុសពីកាសែតខាងលើ។កាសែតនេះ បានចាប់អារម្មណ៍ពីសកម្មភាពរបស់ប៉ូលិសកម្ពុជា នាំយកសារព័ត៌មានបរទេសធំទៅពិនិត្យទីតាំងឆបោក Online scam ក្នុងរាជធានីភ្នំពេញ និងបានបង្ហាញពីពីរបៀបដែលក្រុមបោកប្រាស់បោកជនបរទេស។ចំពោះសារព័ត៌មានភាសាចិនម៉ាឡេស៊ីវិញ គឺ Sin Chew Daily បានផ្សាយព័ត៌មានក្រោមចំណងជើងដូចគ្នា។
ចំណែក Kwong Wah Daily ជាកាសែតភាសាចិនវ័យចំណាស់ជាងគេទូទាំងពិភពលោក តាមរយៈ CCTimes បានដកស្រង់សម្តី លោក ឆៃ ស៊ីណារិទ្ធ ផ្សាយដោយដាក់ចំណងជើងថា «អាជ្ញាធរកម្ពុជាបញ្ជាក់ថា ទោះបីក្រុមបោកប្រាស់លាក់ខ្លួនដូចកណ្តុរក្តី ក៏អាជ្ញាធរស្វែងរកគ្រប់ “រន្ធកណ្តុរ” ដើម្បីចាប់ពួកគេឲ្យអស់»។
ប្រតិបត្តិការនេះ ក៏បានផ្អើលដល់សារព័ត៌មានភាសាចិន នៅកាណាដា គឺ Huaqiao ក៏បានបោះពុម្ពផ្សាយបន្តអត្ថបទដែលដកស្រង់ពី CCTimes ផងដែរ។សារព័ត៌មាននេះ បានផ្សាយថា លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា មានជនបរទេសមួយចំនួនបានយល់ច្រឡំអំពីកម្ពុជា ពាក់ព័ន្ធបញ្ហា online scam ប៉ុន្តែជាក់ស្តែង កម្ពុជាគឺជាជនរងគ្រោះ។កាសែតនេះថែមទាំងបានបន្តរាយការណ៍ថា ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ Online scam ចេញពីប្រទេសដោយសង្គត់ធ្ងន់ថា «យើងចង់ស្តារមុខមាត់ប្រទេសឡើងវិញ និង ឲ្យសហគមន៍អន្តរជាតិមើលឃើញថា កម្ពុជា មិនមែនជាមូលដ្ឋានសម្រាប់ក្រុមឧក្រិដ្ឋជននោះទេ»៕















