ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការផ្គត់ផ្គង់ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់, ក្រសួងរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំង នៅបន្តបិទ ឬផ្អាក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីណែនាំ ស្តីពី ការធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ ខណៈបានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី។

ក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្តីណែនាំលេខ ០៨០០ ព.ណ. អវឯ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្តីពី «ការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ ប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ និងដេប៉ូ»។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម ក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាង ក្រុមការងារចម្រុះ របស់មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម សាខាក.ប.ប. និងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមត្រួតពិនិត្យ វាយតម្លៃផ្ទៀងផ្ទាត់អនុលោមភាព ដើម្បីធានាឱ្យមានតម្លាភាព និងស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។

បើតាមក្រសួងពាណិជ្ជកម្ម, នាពេលកន្លងមក ក្រុមការងារចម្រុះបានពិនិត្យបូកសរុប និងផ្ទៀងផ្ទាត់ ឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២ ០០០ ទីតាំងដែលបានបិទ ឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃ អនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។

ក្រោយពី ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងក្រោមកិច្ចសហការពីម្ចាស់ស្ថានីយ និងដេប៉ូ បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនោះ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៕ដោយ៖តារា

សូមអាន សេចក្ដីណែនាំ លម្អិត ដែលមានខ្លឹមសារដូចខាងក្រោមនេះទាំងស្រុង៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print