ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥០៥ លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កើនឡើងជិត ១២% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនបាន ៣២៨ លានដុល្លារ កើនឡើង ៨,៩% ចំណែកឯកជប៉ុននាំចូលមកវិញមានតម្លៃ ១៧៧ លានដុល្លារ កើនឡើង ១៧,៨%។
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានយល់ឃើញថា កម្ពុជា-ជប៉ុន បានអនុវត្តនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ធ្វើឱ្យទំហំពាណិជ្ជកម្មមានការកើនឡើង។
ជាមួយគ្នានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន បន្តរក្សាបានល្អ ខណៈទំនុកចិត្តនៃវត្តមានរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាជាយូរមកហើយ។
វិនិយោគិនជប៉ុនពេញចិត្តក្នុងការវិនិយោគនៅកម្ពុជា ដែលទទួលបានផលចំណេញមួយចំនួន ដូចជាផ្សារទំនើបអ៊ីអន និងរោងចក្រគ្រឿងបង្គុំអេឡិចត្រូនិកផ្សេងៗ។
ដោយឡែកយោងតាមក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបាននូវទំហំទឹកប្រាក់ជាង ២,៥៣ ពាន់លានដុល្លារ កើន ១៧,១៤% ក្នុងនោះកម្ពុជានាំទំនិញចេញទៅជប៉ុនមានតម្លៃ ១,៥៧ ពាន់លានដុល្លារ កើន ១១,៨៦% ចំណែកជប៉ុននាំចូលមកវិញ មានតម្លៃ៩៥៦ លានដុល្លារ កើន ២៧%៕
ដោយ៖តារា










