ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង(ឆ្លងផ្លូវ)នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តដឹកដីពណ៌ខៀវ១គ្រឿង ពាក់ផ្លាកលេខ ស្វាយរៀង 3A -1060 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេង (ឆ្លងផ្លូវ) ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1K-5199 បើកបរដោយបុរសម្នាក់ឈ្មោះ ជា ប៊ុននី អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទិសដៅស្របគ្នាពីលិចទៅកើត បានជ្រុលមកបុកពេញទំហឹងបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តស្វាយធំ ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕










