សម្តេច ម៉ែន សំអន ៖ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

 

តាមរយៈ នៃការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែក រួមមាន៖

 

១. រក្សានូវអត្តសញ្ញាណ និងស្មារតីជាតិ ព្រោះថា សម្លៀកបំពាក់របាំព្រះរាជទ្រព្យ គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតមួយនៃអត្តសញ្ញាណជាតិខ្មែរ។ ការវិវត្តន៍នេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រដែលបញ្ជាក់ថា អរិយធម៌ខ្មែរមិនដែលរលាយបាត់ឡើយ ។ ម៉្យាងទៀតគឺជាបន្តបាននូវការថែរក្សាមរតកដូនតា តាមរយៈការវិវត្តន៍ សិល្បករ និងអ្នកប្រាជ្ញបានខិតខំស្រាវជ្រាវ ស្ដារ និងថែរក្សានូវលក្ខណៈដើមពីសម័យអង្គរ ដូចជារូបចម្លាក់ទេពអប្សរ និងព្រះរាជពិធីនានា។

 

២.លើកកម្ពស់គុណភាពសិល្បៈ និងសោភ័ណភាព

ការវិវត្តន៍បានជំរុញឱ្យសិល្បករខ្មែរបង្កើនជំនាញរបស់ខ្លួន ធ្វើយ៉ាងណាឱ្យសម្លៀកបំពាក់កាន់តែមានភាពរុងរឿង វិចិត្រ និងប្រណិត ដោយរក្សាបាននូវអត្តសញ្ញាណជាតិ ដោយរាប់តាំងពីការប៉ាក់ឌិន ការស្រោបមាស រហូតដល់ការធ្វើម្កុដ សុទ្ធសឹងជាស្នាដៃសិល្បៈដ៏មានតម្លៃ។ ទន្ទឹមនឹងនោះផងដែរ ភាពស្រស់ស្អាតពេញលក្ខណៈបានធ្វើឱ្យរបាំព្រះរាជទ្រព្យកាន់តែមានភាពទាក់ទាញ។ ក្បាច់រាំដ៏រលូន រួមផ្សំនឹងសម្លៀកបំពាក់ដ៏ត្រចះត្រចង់ និងតន្ត្រីដ៏ពិរោះ បង្កើតបានជាសិល្បៈដ៏ពេញលក្ខណៈ ដែលអាចទាក់ទាញទស្សនិកជនជាតិខ្មែរ និងអន្តរជាតិ។

 

៣. បង្ហាញការទូតវប្បធម៌ការទូត និងសេដ្ឋកិច្ច ៖ នៅពេលដែលរបាំព្រះរាជទ្រព្យ និងសម្លៀកបំពាក់ គឺជា «ឯកអគ្គរដ្ឋទូតវប្បធម៌» ដ៏មានឥទ្ធិពលរបស់កម្ពុជាក្នុងការបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។ នៅពេលដែលក្រុមរបាំទៅសម្តែងក្រៅប្រទេស សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ បានបង្ហាញពីភាពថ្លៃថ្នូរ និងសមត្ថភាពច្នៃប្រឌិតរបស់ជាតិខ្មែរ ជួយពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជាតិនានា។ ភាពល្បីល្បាញនៃរបាំព្រះរាជទ្រព្យ ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជា ដើម្បីទស្សនាសម្លៀកបំពាក់ដើម និងទស្សនាការសម្តែងផ្ទាល់។ នេះជាការរួមចំណែកយ៉ាងសំខាន់ដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ៕

...

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print