ភ្នំពេញ ៖ ការលើកឡើងនេះ ក្នុងបទឧទ្ទេសនាមច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានទទូចឲ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។
ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់ថា «ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើ ពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ច»។
ការថ្លែងបែបនេះរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានធ្វើឡើងនៅក្ននុងអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិប្រមាណ ១៩០០រូប ដើម្បីលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់មន្រ្តីអនុវត្តកម្មវិធីឃុំ សង្កាត់ទូទាំងប្រទេស ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។
លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាតែមានអត្ថន័យដាច់ពីគ្នា។
លោកកិត្តិនីតិកោសលបណ្ឌិត បានសង្កត់ធ្ងន់ថា «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះ ត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។
សម្រាប់លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង ៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុប ៣,៩លាននាក់។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា កាលណាមានភាពមិនប្រក្រតីណាមួយ ឬអំពើពុករលួយកើតមានឡើងក្នុងប្រព័ន្ធគាំពារសង្គមវានឹងបំផ្លាញ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនុកចិត្តរបស់សាធារណៈ និងធ្វើឱ្យអ្នកដែលត្រូវការជំនួយពិតប្រាកដ មិនទទួលបានអត្ថប្រយោជនន៍ត្រឹមត្រូវ។ លោកបន្ថែមថា គណនេយ្យភាព និងតម្លាភាព គឺជាកាតព្វកិច្ចរបស់ស្ថាប័នសាធារណៈ ក្នុងការទទួលខុសត្រូវចំពោះការប្រើប្រាស់ធនធាន និងលទ្ធផលនៃការអនុវត្តការងារ ក្នុងប្រព័ន្ធគាំពារសង្គម មានន័យថា ថវិកានិងអត្ថប្រយោជន៍ត្រូវទៅដល់ប្រជាពលរដ្ឋដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។ លោកបញ្ជាក់បែបនេះនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៦នេះ។
លោក ឱម យ៉ិនទៀង បានលើកឡើងបន្ថែមទៀតថា ប្រព័ន្ធគាំពារសង្គម គឺជាគោលនយោបាយជាតិដ៏សំខាន់ដើម្បីធានាថា ពលរដ្ឋគ្រប់រូបដែលប្រឈមនឹងអសន្តិសុខប្រាក់ចំណូល ឬហានិភ័យនានា ដូចជា មាតុភាព និងហានិភ័យកុមារភាព ហានិភ័យសុខភាព ហានិភ័យការងារ ពិការភាព និកម្មភាព ភាពគ្មានជម្រក ជរាភាព និងឧត្តរជីវី ត្រូវបានគិតគូនិងយកចិត្តទុកដាក់ខ្ពស់ដោយរាជរដ្ឋាភិបាល។
ទោះបីជាយ៉ាងណា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសង្កត់ធ្ងន់ថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាពនិងគណនេយ្យភាព។ តម្លាភាពនិងគណនេយ្យភាព គឺជាសសរស្តម្ភដ៏សំខាន់២នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និទនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។ បើមានទាំងតម្លាភាពនិងគណនេយ្យភាពព្រមគ្នា យន្តការនេះនឹងត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ កាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ។ លោក ឱម យ៉ិនទៀង បានបន្ថែមថា ប្រសិនបើមានតែគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភ័ស្តុតាងដើម្បីដាក់បន្ទុកអ្នកធ្វើខុស ហើយបើមានតែតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថាគេម្នាក់នោះ ឬច្រើនគ្នានោះបានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។
ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គមនេះដែរ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានលើកឡើងបន្ថែមថា ឆ្លងកាត់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមក រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្ដោតលើធាតុចំនួន២សំខាន់ៗ គឺ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្ថាបនូបនីយកម្ម និងក្របខណ្ឌអភិបាលកិច្ចដែលរឹងមាំ និងមានភាពធន់។
បើតាមលោក ចន ណារិទ្ធ បានគូសបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៥កន្លងទៅនេះ កម្មវិធីជាតិជំនួយសង្គមមានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ ៤,៨៤ លាននាក់ (ឬស្មើនឹងប្រមាណ២៨ភាគរយនៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ១,០២៧.៦ ប៊ីលានរៀល ឬស្មើនឹង២៥៧ លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួន៕
ដោយ ៖ សិលា











