អាជ្ញាធរមីន​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះ ដែលប្រើប្រាស់ដោយយោធាថៃ

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦​ បានឱ្យដឹងថា​ ក្នុងឆ្នាំ២០២៥ កន្លងទៅ យោធាថៃបានរំលោភបំពានអធិបតេយ្យភាពកម្ពុជា និងបានប្រើប្រាស់ គ្រាប់បែកចង្កោម គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ផ្សេងៗ ដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរ​មីន​ បានគូសបញ្ជាក់ថា​ គ្រាប់ទាំងនោះ នៅសេសសល់ និងរាយប៉ាយតាមបណ្តោយព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ដែលអាចបណ្តាលឱ្យផ្ទុះ និងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់ពេលវេលា។ កន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋ និងកុមារ បានរងគ្រោះថ្នាក់ដល់ជីវិត របួស និងពិការជាបន្តបន្ទាប់ដោយសារគ្រាប់ទាំងនោះ ពិសេសគ្រាប់បែកចង្កោម។

អាជ្ញាធរមីនបានបន្តថា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាចូលរួមបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារ គ្រាប់បែកចង្កោមនិងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត សូម​ប្រជាពលរដ្ឋអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ប្រសិនបើប្រទះឃើញវត្ថុដែលមានរូបរាងស្រដៀងនឹងគ្រាប់បែក​ចង្កោម សូម កុំរើស កុំកាន់ កុំគប់ កុំដំ ឬកែច្នៃ ជាដាច់ខាត ព្រោះវា​អាចផ្ទុះបង្កគ្រោះថ្នាក់គ្រប់ពេល ។

២. ត្រូវរាយការណ៍ភ្លាមៗទៅកាន់ កងកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ) ឬ ប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល ។

៣. សូមកុំចូលទៅក្នុងតំបន់ ឬប្រើប្រាស់ដីណាដែលសង្ស័យថាមានគ្រាប់​មិនទាន់ផ្ទុះ។ ត្រូវសាកសួរ ព័ត៌មានឱ្យបានច្បាស់លាស់ពីអាជ្ញាធរមុននឹងចូលទៅកាន់តំបន់ទាំងនោះ ។

ជាមួយគ្នានេះ អាជ្ញាធរមីនសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមអនុវត្ត​តាមសេចក្តីអំពាវនាវនេះ ដើម្បីសុវត្ថិភាពអាយុជីវិតទាំងអស់គ្នា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print