ភ្នំពេញ៖ គណប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មេបញ្ជាការកងកម្មង់ដូឆ័ត្រយោងទី២ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលបានទទួលមរណៈភាព
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ខណៈកំពុងឈរជើងការពារទឹកដីពីខ្មាំងសត្រូវយោធាសៀមឈ្លានពាននៅតំបន់ជាំស្រង៉ាំ។ គណៈប្រតិភូដឹកនាំដោយ លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី២២ ខែមីនា ឆ្នាំ២០២៦ សពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ត្រូវបានតំកល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធនោះ ឯកឧត្ដមឆាយ វីរៈ និង ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីបាននាំយកថវិកាចំនួន១០លានរៀល និងអង្ករ៥០០គីឡូក្រាមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅចូលរួមបុណ្យសពលោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ទៀតផង។
លោក ឃួង ស្រេង អភិបាលរាជធានីក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មានសេចក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ដែល បានទទួល មរណៈភាព កាលពីថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត ឪពុកក្មេក បងប្រុស ជីតា និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហ ធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់ នូវឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលមានគុណូប ការៈដ៏ធំធេង ក្នុងការវាយប្រយុទ្ធនៅលើ សមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាន ដើម្បីការពារជាតិមាតុភូមិជាទីស្នេហា។
វីរភាពដ៏អង់អាចក្លាហាន និងពលិកម្ម ដ៏ធំធេងរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ “ជាតិ សាសនា ព្រះមហាក្សត្រ ដែលយើងខ្ញុំទាំង អស់គ្នា រួមទាំងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន សូមកត់ត្រា និងចងចាំទុកនូវគុណូបការៈដ៏ធំធេងនេះ។ ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគ ជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ មានកូន៤នាក់ ដោយ២នាក់បានរៀបអាពាហ៍ ពិពាហ៍រួចរាល់និង២នាក់ទៀតនៅលាវនូវឡើយ។ លោកវរសេនីយ៍ទោ ចាន់ ពិសិដ្ឋ ជាឥស្សរជនកងទ័ពជួរមុខស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានវាយប្រយុទ្ធនៅលើ សមរភូមិពីខ្មាំងសត្រូវសៀមឈ្លានពាននៅតំបន់ ជាំស្រង៉ាំ ហើយបានកើតជម្ងឺគាំងបេះដូងនៅឯព្រំដែននោះ ត្រូវបានជួយសង្គ្រោះ ដោយដឹកបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយបានបាត់បង់ ជីវិតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ៕














