ខេត្តបាត់ដំបង៖ ដោយឆ្អែតចិត្ត និងអស់លទ្ធភាពប្រដែរប្រដៅអប់រំលោកកូនប្រុសដែល«ញៀនថ្នាំ និង ស្រា» ចេះតែដើរបង្កហឹង្សាជាញឹកញ៉ាប់មិនថា ក្នុងគ្រួសារ ឬ លើអ្នកភូមិឡើយ ទើបលោកឪពុក សម្រេចលើកម្រាម ដៃដប់ សុំអង្វរដល់សមត្ថកិច្ចឲ្យជួយចាប់លោកកូនអកតញ្ញូម្នាក់នេះដាក់«គុក»ទោះដាក់ប៉ុន្មានឆ្នាំក្ដី ជៀស វាងកុំឲ្យបានបង្កហឹង្សា បំផ្លាញទ្រព្យក្នុងផ្ទះ ឬ ដើរអុកអ្នកភូមិតទៅទៀត។
បុរសម្នាក់ ដែលអះអាងថា ត្រូវជាឪពុកបង្កើតរបស់កូនប្រុសអតតញ្ញូនោះ បានលើកដៃសំពះនៅចំពោះមុខមន្ត្រីនគរបាលមូលដ្ឋាន ដោយទទូចសុំឲ្យសមត្ថកិច្ចឬថ្នាក់ដឹកនាំ ជួយអន្តរាគមន៏ចាប់កូនប្រុសគាត់យកទៅដាក់«គុក»ឲ្យបាត់ពីផ្ទះបែបនេះ ក្រោយពេលកូនប្រុសគាត់រូបនេះ កាន់ដាវក្នុងដៃ ហើយបង្កការគំរាមកំហែង និង កាប់បំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិ ហើយត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១១និង១៨នាទីយប់ថ្ងៃទី ២១ មិនា ត្រង់ចំណុចភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ក្រោយទទូលបណ្ដឹងពីជនរងគ្រោះ។
នាយប៉ុស្ដិ៍នគរបាល ឃុំឈើទាល លោក ស៊ីម ពីទូ បានឲ្យដឹងថា ជនដែលតែងបង្កហិង្សារ និង ដើរអុកឡុកអ្នកភូមិនោះ ឈ្មោះ លឿន លីផេង ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិកំពង់ស្រមរ ស្រុកបាណន់។ លោកនាយប៉ុស្ដ៏ បានបញ្ជាក់ថា ជននេះត្រូវបានលោកដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនភ្លាមៗទាំងកណ្ដាលយប់ ខណៈជននេះកំពុងកាន់ដាវប្រវែងជិត១ម៉ែត្រ ធ្វើសកម្មភាពអុកឡុក និង កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយយោងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងសុង ភេទប្រុសអាយុ៥៤ឆ្នាំ ជាថៅកែរោងម៉ាស៊ីនកិនស្រូវរស់នៅចំណុច កើតហេតុខាងលើ។ បើតាមការពិនិត្យជាក់ស្ដែងលើសកម្មភាពជនបែកថ្នាំ និង ញៀនស្រាម្នាក់នេះ បានបង្ហាញពីចរិតកាចសាហាវ កាន់ដាវក្នុងដៃប្រវែងជិត១ ម៉ែត្រ ដើរគ្រវីច្រង៉េងច្រង៉ាង ជាមួយនឹងសម្រែកកំរាមកាប់សម្លាប់អ្នកភូមិ ដូចមនុស្សឆ្គួតគួឲ្យខ្លាច។
ជាពិសេសជននេះគំរាមកាប់សម្លាប់ថៅកែម៉ាស៊ីនកិន ស្រូវតែម្ដង។ លោក ស៊ីម ពីទូ បានបន្តថា ជននេះបានគ្រវីដាវប្រវែង០៨តឹក ដេញកាប់កម្មករម៉ាស៊ីនកិនស្រូវ កាប់របងផ្ទះគេ និង យកដុំថ្មគប់កម្មករបន្ថែមទៀត។ មិនតែប៉ុណ្ណោះ ជននេះបានវាយបំផ្លាញតុ លក់គុយទាវគេនៅក្បែរនោះបណ្ដាលឲ្យខូចខាតអស់ចំនួន០២ថែមទៀត មុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ដើម្បីអន្តរាគមន៏ នាំខ្លួនជននេះមកកាន់ប៉ុស្ដ៏រដ្ឋបាលទាំងកណ្ដាលអាធ្រាត្រ។
ឪពុកជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចពីប្រវត្តិ នៃការឈឺចាប់យ៉ាងកំសត់របស់គាតផ្ទាល់ និង ក្រុមគ្រួសារពីការ បាត់បង់ទ្រព្យសម្បត្តិក្នុងផ្ទះ ធ្លាប់រងរបួសក្រោមកណ្ដាប់ដៃលោកកូនអតកញ្ញូម្នាក់នេះ។ ដោយបង្ហាញពីក្ដីអស់សង្ឍឹម លែងរំពឹងបានទៀតទៅលើកូនប្រុសម្នាក់នេះ។ ក្នុងវ័យជាងពាក់កណ្ដាលជីវិតទៅហើយ នៅចំពោះមុខមន្ត្រីមូលដ្ឋាន នាព្រឹកថ្ងៃទី ២២ មិនា លោក ហាន ប៊ុនលឿន (ឪពុកជនសង្ស័យ) បានប្រកាសលេងដឹងឮចំពោះកូនម្នាក់នេះ ជាមួយនឹងលើកម្រាមដប់ សុំឲ្យសមត្ថកិច្ចជួយយកកូនប្រុសរូបនេះទៅដាក់«គុក» ទោះជាប់ប៉ុន្មានឆ្នាំក្ដី។ រៀបរាប់បណ្ដើរ លើក ដៃចង្អុលបង្ហាញស្នាមរបួសលើបបូរមាត់បណ្ដើរយ៉ាងដូច្នេះថា «កូនខ្ញុំ វាធ្វើបាបខ្ញុំពេក។
មុននេះរករឿងគាត់ប៉ុន្មានថ្ងៃមកហើយ។ រកកាប់រកអី។ នេះជាស្នាមវាវ៉ៃខ្ញុំ….! ចឹងខ្ញុំលែងដឹងឮហើយ… សូមឲ្យលោកសមត្ថកិច្ច ឯកឧត្តមធ្វើម៉េច ធ្វើទៅ…? ខ្ញុំគ្មានលទ្ធភាពអប់រំ ណែនាំ។ ខ្ញុំអស់លុយ អស់កាក់ច្រើនណាស់ហើយ។ ម៉ូតូអស់០២ទៅ០៣ក្រឿងហើយវាលក់ ដូច្នេះសូមសមត្ថកិច្ចធ្វើម៉េច ធ្វើទៅ..»។
អង្គុយលើបង់ថ្ម បង្ហាញទឹកមុខដ៏ស្រងូតស្រង៉ាត់ លោក ហាន ប៊ុនលឿន បានលើកដៃសំពះជាមួយនឹងពុំនោលបែបនេះថា «ខ្ញុំជាឪពុករបស់ លីផេង។ ខ្ញុំគ្មានអ្វីទេ មានតែម្រាមដៃដប់នេះ សុំឲ្យសមត្ថកិច្ចជួយ។ ខ្ញុំមានទុក្ខលំបាកច្រើន ហើយបញ្ហាគឺវារករឿង។ លក់របស់របក្នុងផ្ទះអស់ពីខ្លួនហើយ ឥឡូវអត់មានអីសង្ឃឹម..! ចឹងសូមឲ្យសមត្ថកិច្ចចួយដោះស្រាយឲ្យខ្ញុំបានធូរផង»។ នៅពេលសួរថា តើឲ្យជួយដោះស្រាយដូចម្ដេចដែរ ? លោក ហាន ប៊ុនលឿន ហាក់មិនរេរែកទេក្នុងការផ្ដល់ចម្លើយទៅកាន់សំនូរ។
គាត់បានឆ្លើយយ៉ាងរហ័ស ដែលបង្ហាញពីការដាច់ចិត្ត អស់ភាពអត់ធ្មត់ លែងទទូលស្គាល់ លែងដឹងឮ ជាកូន ជាឪនឹងគ្នាតទៅទៀត។ ព្រោះអស់ការកែប្រែ ណែនាំលែងស្ដាប់។ លោក ប៊ុនលឿន បានឆ្លើយតបដូច្នេះថា «ខ្ញុំបង់ឲ្យយកកូនខ្ញុំ ទៅកដាក់គុកតែម្ដងទៅ»។ តើមូលហេតុអ្វី បានជាលោកខឹងរហូតត្រូវយកកូនដាក់គុក ? លោក ប៊ុនលឿន បានផ្ដល់ចម្លើមភ្លាមទៀតថា «បញ្ហាវាជក់ផង វាផឹកផង ហើយវារករឿងខ្ញុំ ចឹងលើកក្រោយទៅមិនដឹងថា ខ្ញុំមានបញ្ហា ឬ វាមាន… ចឹងវាមិនទៀងទេ។ បើទុកវា… បញ្ហានៅតែមាន។ ខ្ញុំមិនខឹងទេ រឿងប៉ូលិសឃាត់ខ្លួនវា…ខ្ញុំសូមជួយយកវា ទៅដាក់គុកប៉ុន្មានឆ្នាំក៏បានដែរ»។
ខាងលើនេះ ជាសម្រង់សម្ដីរបស់លោក ហាន ប៊ុនលឿន ដែលជាឪពុកបង្កើតជនសង្ស័យឈ្មោះ លឿន លីផេង ដែលត្រុវសមត្ថកិច្ចឃាត់ខ្លួនពីបទ«ប្រព្រឹត្តអំពើហឹង្សានិងបំផ្លេចបំផ្លាញទ្រព្យអ្នកដទៃ»។ យ៉ាងណាក្ដី នៅក្នុងករណីនេះ បើតាមសមត្ថកិច្ច បានប្រាប់ថា ពេលនេះជនសង្ស័យឈ្មោះ លឿន លីផេង កំពុងត្រូវបានមន្ត្រីជំនាញសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ៕










