ខេត្តកណ្តាល ÷ ជនសង្ស័យញៀនញ៉ាមធ្លាប់លួចម៉ូតូដល់ទៅ៣លើកបានស្រេចមិនដែលអី ខំជិះកង់មកលួចលើកទី៤ ត្រូវជាប់ខ្នោះដៃរបស់សមត្ថកិច្ច។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៩និង៤៣នាទី ថ្ងៃទី ២០ខែមីនាឆ្នាំ២០២៦ នៅចំណុចលើផ្លូវកៅស៊ូស្ថិតក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្ត កណ្តាល និងត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៥និង០០នាទីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦ ។
លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នុត គឿន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ បាត់បង់ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ស គ្មានស្លាកលេខ។ ចំនែកជនសង្ស័យមានឈ្មោះ រស់ គីមហ័ង ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
មានទីលំនៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង (វិជ្ជមានសារធាតុញៀន) ។
វត្ថុតាងចាប់យក÷ម៉ូតូម៉ាក HONDA WAVE (ជារបស់ជនរងគ្រោះចាប់យកពីជនសង្ស័យ),កង់ប្រភេទតួប្រុស ដៃត្រង់ ម៉ាក Gabbroពណ៌ត្រួយចេក ចំនួន០១គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។
លោកអធិការបន្តទៀតថា នៅវេលាកើតហេតុ ជនរង គ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅលេងផ្ទះកូនប្រុសរបស់គាត់ឈ្មោះ ពូន វណ្ណា ដែលមានចម្ងាយប្រមាណ ១០០ ម៉ែត្រពីគ្នា។ ពេលមកដល់ ជនរងគ្រោះបានឈប់ម៉ូតូសំចតនៅលើផ្លូវកៅស៊ូមុខផ្ទះកូន ដោយមិនបានដកកូនសោរចេញពីម៉ូតូនោះទេ រួចក៏បានដើរចូលទៅលេងកូននៅក្នុងផ្ទះ ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់(កាមេរ៉ាសុវត្ថិភាព) ជាមនុស្សប្រុស មានវ័យប្រហែល ២០ឆ្នាំជាង ពាក់អាវយឺតដៃខ្លីពណ៌ក្រហមពាក់មួកកាតិប បាន ឡើងបញ្ឆេះលួចយកម៉ូតូរបស់គាត់ជិះឆ្ពោះចេញទៅភូមិទួលទ្រា សង្កាត់ព្រែកក្មេងបាត់ទៅ។ បន្ទាប់មកជនរង គ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្មេងដើម្បីជួយអន្តរាគមន៍។
ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាល ព្រែកក្មេង កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាប្រាំង នៃអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែង បានស៊ើបអង្កេតស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង នៅវេលាម៉ោង ១៥និង ០០នាទីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦ យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាកន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពម្នាក់ឯងលួចម៉ូតូរបស់ប្រជាពលរដ្ឋបានចំនួន៣លើក ដោយលួចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានម៉ូតូ៣គ្រឿង បានសម្រេច យកទៅលក់បានលុយយកមកទិញបាយហូប និងទិញថ្នាំញៀនជក់។ បន្ទាប់មកក៏បានធ្វើសកម្មភាពម្នាក់ ឯងម្តងទៀតជាលើកទី០៤ នេះតែលួចមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕










