សារព័ត៌មាន AFP បានផ្សាយថា នាយកទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្រោមការគំរាមកំហែងដ៏ធំ ពីវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាមួយការព្រមានថាគ្មានប្រទេសណាមួយដែលគេចផុតពីផលប៉ះពាល់បាននោះទេ។
ថ្លែងទៅកាន់អង្គការ National Press Club ក្នុងរដ្ឋធានីកង់បេរ៉ានៃប្រទេសអូស្ត្រាលី លោក Fatih Birol បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិដ៏ធំ ហើយ ខ្ញុំពិតជាសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន»។ លោកបន្ថែមថាគ្មានប្រទេសណាមួយនឹងអាចរួចខ្លួនពីផលប៉ះពាល់នៃវិបត្តិថាមពលនោះទេ ប្រសិនបើសង្រ្គាមនៅតែបន្ត។ ដូច្នេះវាចាំបាច់ត្រូវតែមានកិច្ចប្រឹងប្រែងជាសកល។
ការព្រមានរបស់ IEA ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ បានគំរាមថានឹងកម្ទេចរោងចក្រថាមពលរបស់អ៉ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ ក្នុងពេល៤៨ម៉ោងទេនោះ។ អ៉ីរ៉ង់វិញបានគំរាមវាយប្រហារជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ បើលោក ត្រាំ ពិតជាធ្វើតាមឱសានវាទនេះមែននោះ៕

រូបថត:vnexpress









