ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ ចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបាន និងបន្តកិច្ចសហប្រតិបត្ដិការយ៉ាងរឹងមាំផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមកជារៀងរហូតទោះក្នុងកាលៈទេសៈណា ក៏ដោយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្ស បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈសម្ដេច ជួបសម្តែងការគួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណា នៅទីស្នាក់មជ្ឈិមបក្ស រាជធានីហាណូយ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ទោះក្នុងបរិការណ៍តំបន់ និងអន្តរជាតិ ដែលកំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជា ភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំ ផ្អែកលើសច្ចភាព នៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ដែលបានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បង ០៣៖ ទី១-កត្តាប្រវត្តិសាស្ត្រ៖ ប្រទេសយើងទាំងពីរ តែងជួយគ្នាទៅវិញទៅមកគ្រប់គ្រាលំបាក។ កម្ពុជា បានជួយជ្រោមជ្រែងវៀតណាមក្នុងបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យភាពនៅទសវត្សរ៍ឆ្នាំ១៩៦០និង១៩៧០ហើយក៏មិនអាចបំភ្លេចបាននូវការគាំទ្រទាន់ពេលវេលា និងមិនអាចខ្វះបានពីភាគីវៀតណាម ទាំងផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០និង១៩៨០។ ទី២-កត្តាសេដ្ឋកិច្ច៖ ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម តែងគាំទ្រ សាទរសមិទ្ធផលសម្រេចបានក្នុងមាគ៌ានៃការកសាងអភិវឌ្ឍជាតិទៅវិញទៅមក ហើយបន្តបំពេញបន្ថែមឱ្យគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី និងរួមចំណកដល់សមាហរណកម្មសេដ្ឋកិច្ចតំបន់ រួមទាំងប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ពាន់លានដុល្លារអាមេរិក នាអនាគត។
សម្ដេចកិត្ដិសង្គហបណ្ឌិត បានកត់សម្គាល់នូវភាពជោគជ័យរបស់ប្រទេសវៀតណាម ក្នុងការកែទម្រង់ និងអភិវឌ្ឍន៏ សេដ្ឋកិច្ច-សង្គម ហើយកំពុងក្លាយជាកម្លាំងសេដ្ឋកិច្ចសំខាន់មួយក្នុងតំបន់។ ទី៣-កត្តាសង្គមវប្បធម៌៖ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដ៏ជិតស្និទ្ធ មិត្តភាពយូរអង្វែងរវាងយុវជនជំនាន់ក្រោយ ព្រមទាំងការពង្រឹងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅ មក ដែលបន្តជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីបន្តនាំមក និងថែរក្សានូវផលជាផ្លែផ្កាជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនយើង ទាំងពីរ។ យើងខ្ញុំជាកម្មាភិបាលជំនាន់ក្រោយ បានមើល ឃើញពីមនោសញ្ចេតនា និងភាពកក់ក្តៅ ចេញពីការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គី ភាពជាប្រពៃណីនេះឱ្យកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនលើគ្រប់វិស័យ សម្រាប់ប្រយោ ជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕














