ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ជ្រាបថា ដើម្បីចូលរួមកាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងក្រសួងព័ត៌មាន សូម លោក លោកស្រី ចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី ដូចខាងក្រោម៖
១. ប្រើប្រាស់ថាមពលអគ្គិសនីដោយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ ក្នុងករណីមិនចាំបាច់
២. កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី នៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ពីខាងក្រៅ
៣. ត្រួតពិនិត្យចរន្តអគ្គិសនីឡើងវិញមុនចាកចេញពីការិយាល័យ ដើម្បីធានាថាសម្ភារៈបរិក្ខារនានា ដូចជាអំពូលភ្លើង ម៉ាស៊ីនត្រជាក់ ឧបករណ៍អេឡិចត្រូនិចទាំងអស់ដែលពុំមានតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ជាប្រចាំត្រូវបិទ និងផ្តាច់ចរន្តអគ្គិសនី។
ក្រសួងព័ត៌មាន សូមលើកទឹកចិត្តដល់ លោក លោកស្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចូលរួមអនុវត្តការសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនីឱ្យអស់ពីលទ្ធភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជ្រាបជាព័ត៌មាន និងចូលរួមសហការ តាមការគួរ៕
ដោយ៖តារា










