រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការរៀបចំដីនិងផ្ទះជូនជនភៀសសឹកមិនមែនជាថ្នូរដោះដូរជាមួយដីដែលទាហានថៃហ៊ុំព័ទ្ធនោះទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

 

ចំពោះបងប្អូនដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅ និងជីវភាពរបស់បងប្អូន ហើយបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុមការងារបាននឹងកំពង ដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់បងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុព័ទ្ធចូលទៅរស់នៅជាបណ្ដោះអាសន្នជំហានដំបូងតាមរយៈនៃការចាប់ឆ្នោត។

 

ជាមួយគ្នានោះផងដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការរៀបចំដីនិងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print