ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿងចុះពីលើស្ពានអាកាសក្បាលថ្នល់បោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ ចំណែករថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣:១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ស្ថិតនៅលើផ្លូវព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុម៉ាកសាំយ៉ុងដឹកបន្លែពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2S-0455 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក្បែរស្ពានអាកាសចុងខាងជើងស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់ ចំណែករថយន្តបង្កហេតុវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបរសមត្ថកិច្ចឃាត់យកមកសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










