រដ្ឋបាលខេត្តស្ទឹងត្រែង ដាក់ចេញសេចក្ដីណែនាំស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង : យោងការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឆ្លើយតបទៅនឹងស្ថានភាពប្រឈមនៃការ ចំណាយចំពោះមុខនៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី រដ្ឋបាលខេត្តសូមណែនាំ ដល់គ្រប់អង្គភាពចំណុះសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត គ្រឹះស្ថានសាធារណៈរបស់រដ្ឋ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវចូលរួមអនុវត្តវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនីដូច ខាងក្រោម៖

 

១ វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ

 

រដ្ឋបាលខេត្ត គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមានគម្រោងនឹងរៀបចំ សិក្ខាសាលា ឬកិច្ចប្រជុំនានា ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការប្រជុំផ្ទាល់ ដោយអនុវត្តការប្រជុំតាមប្រព័ន្ធ អនឡាញ កាត់បន្ថយកិច្ចប្រជុំ ឬសិក្ខាសាលាដែលត្រូវធ្វើដំណើរឆ្ងាយ ត្រូវធ្វើជំរឿនយានយន្តរបស់រដ្ឋ និងការប្រើប្រាស់ ដោយត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវរាល់

 

បេសកកម្មដែលប្រើប្រាស់យានយន្តរដ្ឋ ក្នុងនោះបេសកកម្មមិនចាំបាច់ ត្រូវផ្អាក ឬបញ្ចូលគ្នា ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

 

រាល់បេសកកម្មដែលមានគោលដៅ និងពេលវេលាស្របគ្នា ត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា និងជ្រើសរើសមធ្យោបាយដែលប្រើប្រាស់ប្រេងឥន្ធនៈតិច ឬមិនប្រើប្រាស់ប្រេងឥន្ធនៈ

 

ពិចារណាកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ឱ្យបានយ៉ាងតិច ៥០%។

 

២ វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនី

 

ត្រូវកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅកម្រិត ២៥°C និងត្រូវបិទម៉ាស៊ីនត្រជាក់មុនពេលចេញ ពីធ្វើការយ៉ាងតិច ១៥នាទី

 

ត្រូវបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងបរិក្ខារអគ្គិសនីទាំងអស់នៅក្នុងបន្ទប់ដែលមិនមានមនុស្សរង់ចាំ ឬមិនប្រើប្រាស់

 

បើកវាំងនន ឬបង្អួចការិយាល័យ ដើម្បីប្រើប្រាស់ពន្លឺ និងខ្យល់ធម្មជាតិក្នុងកម្រិតដែលអាចធ្វើទៅបាន អនុវត្តវិធានការចាំបាច់ផ្សេងៗទៀតតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល។

 

ព្រមជាមួយគ្នានេះ ចំពោះភ្លើងបំភ្លឺនៅតាមទីសាធារណៈនានាក្នុងក្រុងស្ទឹងត្រែង រដ្ឋបាលខេត្តនឹង កាត់បន្ថយថិរវេលាបំភ្លឺ អាស្រ័យតាមទីតាំង និងភាពជាក់ស្តែង។

 

វិធានការខាងលើនេះ គឺមិនត្រូវរារាំង ឬធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារចាំបាច់ ប៉ុន្តែក៏ត្រូវឈរ លើស្មារតីសន្សំសំចៃ ដូចខាងក្រោម៖

 

កម្លាំងអន្តរាគមន៍សង្គ្រោះបន្ទាន់

 

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនានា

 

ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាមិត្ត។

 

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានគ្រឹះស្ថានសាធារណៈរបស់រដ្ឋ អភិបាលក្រុង ស្រុកទាំង៦ មេឃុំ សង្កាត់ទាំង៣៤ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយស្មារតីទទួលខុសត្រូវ និង ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់មានការណែនាំជាថ្មី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print