ខេត្តបាត់ដំបង÷មន្ត្រីនគរបាលស្រុកសង្កែបានឲ្យដឹងនៅថ្ងៃទី២៥ខែមីនានេះថាកាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងចន្លោះ២០÷៣០ទីដល់វេលាម៉ោង ០៦÷៣០នាទី ឈានចូលថ្ងៃទី២៤ខែមីនា ឆ្នាំ ២០២៦ នៅចំណុច ក្រុមទី២២ ភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ហែករបងចូលលួចកាត់ខ្សែភ្លើង) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងចំនួន បានធ្វើសកម្មភាពហែករបងចូលលួច កាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះឡុង សុជាភា ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅចំណុចកើតហេតុ អស់ប្រវែងប្រហែល៥០ម៉ែត្រ។
ទទួលបានព័ត៌មាននេះ និងស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង ការនគរបាលជាតិ និងបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១និងអូរដំបង២ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានបង្ក្រាបឃាត់ខ្លួនបានជន សង្ស័យចំនួន៣នាក់មានម្នាក់ជាអ្នកទទួលទិញគឺ៖
១-ឈ្មោះ វិត ហាន (ស្រួច) ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង,២-ឈ្មោះ សាន ប៊ុនណាន ភេទប្រុស មានទីលំនៅភូមិព្រៃចែក ឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងនិង៣-ឈ្មោះ ជន រ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកទទួលទិញរបស់ចោរ)។
-ដកហូតវត្ថុតាងខ្សែរលួសស្ពាន់ ១ដុំដែលគេដុតសំបកក្រៅរួច។ពេលនេះនគរបាលស្រុករៀបចំសំណុំកសាងរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕










