ទូតជប៉ុនបន្តសរសើរកម្ពុជាចំពោះកិច្ចប្រឹងប្រែងដើម្បីឆ្ពោះទៅរកការបន្ធូបន្ថយភាពតានតឹងនៅព្រំដែន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ពីស្ថានភាពដ៏លំបាករបស់កម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ នាសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសីក្រុងស្វាយរៀង លោកបន្តចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃជនដែលបានបាត់បង់ជីវិត និងសម្តែងក្តីអាណិតអាសូរដ៏ស្មោះស្ម័គ្រចំពោះជនរងគ្រោះនៃជម្លោះនេះទាំងអស់។

 

«ជប៉ុនសូមកោតសរសើររដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការបន្ធូបន្ថយភាពតានតឹង និងការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ»។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះនាវត្តមានក្នុងពិធីដែលប្រព្រឹត្តទៅនៅខេត្តស្វាយរៀងព្រឹកថ្ងៃទី២៦ ខែមីនា ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រការអភិវឌ្ឍរបស់កម្ពុជា រួមទាំងក្នុងវិស័យទឹកស្អាត។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ដែលមានទីតាំងនៅក្រុងស្វាយរៀង ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦ លានដុល្លារអាមេរិក។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសីថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ២២.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០ គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧.៣៧៨ គ្រួសារបន្ថែមទៀត រួមទាំងពលរដ្ឋងាយរងគ្រោះចំនួន ៣៧៥ គ្រួសារផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print