អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលក្រោមគម្រោងស្តីពីការពង្រឹងប្រសិទ្ធភាពការងារគយសម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ 

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលក្រោមគម្រោងស្តីពីការពង្រឹងប្រសិទ្ធភាពការងារគយសម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ នាថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាជាតិគយ ដោយមានការចូលរួម ពីមន្ត្រីគយនិងរដ្ឋាករចំនួន ៣០ រូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីគយ និងរដ្ឋាករនៅថ្នាក់កណ្តាល និងការិយាល័យគយនិងរដ្ឋាករនៅច្រកព្រំដែនគោលដៅ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងព្រំដែន តាមរយៈការលើកកម្ពស់ការយល់ដឹងពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ និងយន្តការអធិការកិច្ចរួមគ្នាតែមួយលើក និងទីលានត្រួតពិនិត្យគយរួមគ្នា។

ពិធីបើកវគ្គបណ្តុះបណ្តាល បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សែ សុឃន អគ្គនាយករង នៃ អគរ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគរ និង លោកស្រី Miura Yoshiko តំណាងជាន់ខ្ពស់នៃការិយាល័យ JICA ប្រចាំកម្ពុជា។ ថ្លែងក្នុងពីធីបើក លោកអគ្គនាយករង បានគូសបញ្ជាក់ថា ជាការគ្រោងទុកដំបូង គម្រោងនេះ ផ្តោតការអនុវត្តលើច្រកព្រំដែនសាកល្បងតែមួយគឺច្រកព្រំដែនប៉ោយប៉ែត/ស្ទឹងបត់ ក្នុងគោលបំណងជំរុញការតភ្ជាប់ជាមួយរដ្ឋបាលគយប្រទេសជាប់ព្រំដែន។ ដោយយោងលើកាលៈទេសៈបច្ចុប្បន្ន ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទចាប់ពីខែមិថុនា ឆ្នាំ២០២៥ គម្រោងនេះ ត្រូវបានកែសម្រួលដោយផ្តោតទៅលើការកសាងសមត្ថភាពលើកិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការគយ ហើយពង្រីកវិសាលភាពពីច្រកព្រំដែនសាកល្បងតែមួយ ទៅច្រកព្រំដែនគោលដៅ ចំនួនបីគឺ៖ ប៉ោយប៉ែត/ស្ទឹងបត់, បាវិត, និងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

ជាមួយនេះ លោកស្រី Miura Yoshiko បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិងថ្លៃងអំណរគុណដល់ រដ្ឋបាលគយកម្ពុជា ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកស្រី សង្ឃឹមថាវគ្គបណ្តុះបណ្តាល ដែលផ្តល់ជូនដោយក្រុមអ្នកជំនាញការនាឱកាសនេះ នឹងរួមចំណែកលើកកម្ពស់ដល់ប្រតិបត្តិការគយនៅតាមច្រកព្រំដែន ជាពិសេសច្រកព្រំដែនបាវិត និងកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលនាពេលថ្មីៗទំហំឡូជីស្ទិក បានកើនឡើងគួរឱ្យកត់សម្គាល់។

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ មន្ត្រីគយនិងរដ្ឋាករបានសិក្សាលើប្រធានបទសំខាន់ៗដូចជា៖ កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារព្រំដែន កិច្ចសហប្រតិបត្តិការគយ ក្រោមកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងករណីសិក្សាពាក់ព័ន្ធ, ការសម្របសម្រួលការគ្រប់គ្រងព្រំដែន និងករណីសិក្សាស្តីពីអធិការកិច្ចរួមគ្នាតែមួយលើក និងទីលានត្រួតពិនិត្យគយរួមគ្នា ជាដើម។ លើសពីនេះ វគ្គបណ្តុះបណ្តាល បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគយអាស៊ាន, កិច្ចសហប្រតិបត្តិការការដឹកជញ្ជូនក្នុងអាស៊ាន និងកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ ព្រមទាំងផែនការនិងគោលនយោបាយពាក់ព័ន្ធសម្រាប់កម្ពុជា។

លោកអគ្គនាយករង បានលើកទឹកចិត្តដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ ស្វែងយល់ ក៏ដូចជាចូលរួមឱ្យបានផុលផុសក្នុងការពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗ ព្រមទាំងឆ្លៀតឱកាសដ៏មានតម្លៃនេះក្រេបយកចំណេះដឹងថ្មីពីអ្នកជំនាញការ ដោយជឿជាក់ថាចំណេះដឹងទទួលបានពី វគ្គបណ្ដុះបណ្ដាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាពង្រឹងកិច្ចសហ-ប្រតិបត្តិការនៅមាត់ច្រកព្រំដែនឱ្យកាន់តែប្រសើរឡើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print