ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែតបើកកិច្ចប្រជុំ.ក្រោយពីក្រុមហ៊ុនអគ្គីសនីអានកូ តម្រូវឲ្យអតិថិជនដែលប្រើប្រាស់ថាមពលច្រើនដំឡើងប្រាក់កក់ ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង រួមនឹងរដ្ឋបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំរកដំណោះស្រាយ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅរដ្ឋបាលក្រុងប៉ោយប៉ែត។
ក្ក្រុមហ៊ុនអគ្គីសនីអានកូ បានតម្រូវឲ្យអតិថិជនដែលមានអគារធំៗប្រើប្រាស់ថាមពលច្រើនៗបង្កើនប្រាក់កក់ ទៅតាមថាមពលដែលខ្លួនប្រើប្រាស់ប្រចាំខែ ដើម្បីធានាការទូទាត់ឲ្យក្រុមហ៊ុន នៅពេលមានហានីភ័យកើតឡើង។.ការដំឡើងប្រាក់កក់ គឺក្រុមហ៊ុនអគ្គីសនីតម្រូវឲ្យតែអតិថិជនធំៗដែលប្រើប្រាស់ថាមពលចាប់ពី៣ម៉ឺនដុល្លារក្នុងមួយខែឡើង ទើបដំឡើងប្រាក់កក់។ព្រោះកន្លងមកមានបញ្ហាដែលបានកើតឡើងនៅក្នុងខេត្តដទៃ នៅពេលម្ចាស់អគារជួលឲ្យជនបរទេស ហើយជនបរទេសទាំងនោះ នៅពេលមានបញ្ហា គឺគ្មានអ្នកទទួលខុសត្រូវទូទាត់ថ្លៃអគ្គីសនីឲ្យទៅក្រុមហ៊ុនឡើយ. ប៉ុន្តែអតិថិជនដែលជាម្ចាស់អគារនៅក្រុងប៉ោយប៉ែត ហាក់ដូចជាមិនយល់ស្រប ព្រោះខ្លាចនៅពេលដែលការប្រើប្រាស់ថាមពលអគ្គីសនីថយចុះវិញ ទារលុយកក់ពីក្រុមហ៊ុនមិនបានមកវិញ។ ទើបស្នើសុំឲ្យអាជ្ញាធរជួយសម្របសម្រួលដោះស្រាយ។
ក្រោយប្រជុំនឹងពិភាក្សារួចមកជាដំណោះស្រាយ ជូនពួកគាត់ ឃើញថា ដំណោះស្រាយមានពីរ៖ ទី១. អតិថិជនអាចកក់ប្រាក់ដែលមានទំហំទៅតាមថាមពល ដែលខ្លួនប្រើប្រាស់ប្រចាំខែ បើសិនជារការប្រើប្រាស់មានការថយចុះ ក្រុមហ៊ុនត្រូវប្រគល់ប្រាក់កក់ឲ្យទៅអតិថិជនវិញ. ចំណែកដំណោះស្រាយទី២. គឺម្ចាស់អគារមិនបាច់កក់ប្រាក់បន្ថែម តែត្រូវធ្វើកិច្ចសន្យារជាក់លាក់ដើម្បីធានាការទូទាត់ថ្លៃថាមពលអគ្គីសនីឲ្យទៅក្រុមហ៊ុនដោយគ្មានលក្ខខ័ណ្ឌ ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។ដំណោះស្រាយទាំងពីរខាងលើនេះ ឃើញថាទាំងក្រុមហ៊ុនអគ្គីសនីអានកូ និងអតិថិជនបានឯកភាព យល់ព្រមយកដំណោះស្រាយទាំងពីរដោយក្តីរីករាយ ហើយសំរាប់អតិថិជន អាចជ្រើសរើសដំណោះស្រាយណាមួយ ដែលខ្លួនពេញចិត្ត និងជួបជាមួយក្រុមហ៊ុន ដើម្បីធ្វើកិច្ចសន្យាដែលខ្លួនបានព្រមព្រៀងគ្នាពីខាងលើ ៕
ដោយ៖ វណ្ណា










