រថយន្តហាយលែនឌ័របុកផាសអាប់កំពុងបត់ឆ្លងផ្លូវពេញទំហឹង ខ្ទាតមនុស្សប៉ះម៉ូតូ ១គ្រឿងទៀត បណ្តាលឲ្យរបួសធ្ងន់ស្រាល ២នាក់

ចែករំលែក៖

ខេត្តកណ្ដាល÷បុរសម្នាក់រួមជាមួយកូនតូចអាយុ ៦ឆ្នាំ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្ត ១គ្រឿងម៉ាកហាយលែនឌ័រ (Highlander) បើកបុកផាសអាប់របស់ពួកគាត់ពេញទំហឹង ខណៈកំពុងបត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យខ្ទាតមនុស្សចេញទៅប៉ះម៉ូតូ ១គ្រឿងទៀត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧ និង ០៥នាទីល្ងាច ថ្ងៃទី ២៧ មីនា ២០២៦ នៅលើផ្លូវ ជាតិលេខ១(ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣) ចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿងនៃហេតុការណ៍នេះ គឺផ្តើមឡើងដោយបុរសម្នាក់ឈ្មោះ មួង រុំ អាយុ ៤៥ឆ្នាំ មានទីលំនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកបររថយន្ត ១គ្រឿង ម៉ាក TOYOTA Highlander ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-9436 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង។ លុះជិះមកដល់ចំណុចកើត ហេតុខាងលើ រថយន្តនេះក៏បានបុកពេញទំហឹងជាមួយផាសអាប់ ១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1MC-2875 បើកបរដោយឈ្មោះ ឡេង ធី (អាយុ ៤៥ ឆ្នាំ) រួមដំណើរជាមួយកូនតូចឈ្មោះ សួ ណាវីន អាយុ ៦ឆ្នាំដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្លងថ្នល់ពីលិចទៅកើត។

កម្លាំងនៃការបុកទង្គិចនេះ បានបណ្តាលឲ្យមនុស្សខ្ទាត ចេញពីក្នុងផាសអាប់ទៅប៉ះជាមួយម៉ូតូ ១គ្រឿងទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា (ពីអ្នក លឿងទៅភ្នំពេញ) បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ស្រាល។ ទោះយ៉ាងណា ជនរងគ្រោះម្ចាស់ម៉ូតូមិនបានដាក់ពាក្យបណ្តឹងនោះទេ និងបានបន្តដំណើរទៅមុខទៀត។ ចំណែកឯអ្នកបើកបរផាសអាប់ និងកូនតូច ដែលរងរបួសធ្ងន់ និងស្រាល ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយដែកភ្លាមៗ។

ដោយឡែក សម្រាប់តៃកុងរថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយឃាត់ខ្លួនប្រគល់ជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លាមៗផងដែរ។ បច្ចុប្បន្ន ទាំងរថយន្ត និងផាសអាប់ដែលរងការខូចខាត ត្រូវបានកម្លាំងជំនាញចុះវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print