ពលរដ្ឋនៅក្នុងប្រទេសជាច្រើន តំបន់មជ្ឈិមបូព៌ា ទទួលរងការវាយប្រហារ ជាបន្តបន្ទប់ ធ្វើអោយពលរដ្ឋរស់នៅទាំងការភ័យខ្លាច ។ ជាមួយគ្នា ប្រព័ន្ធផ្គត់ផ្គង់ប្រេងសកល ធ្លាក់ក្នុងស្ថានភាពច្របូកច្របល់ ដោយសារតែសង្គ្រាមនោះ។
នៅថ្ងៃទី២៨ ខែមីនានេះ គឺគម្រប់១ខែ នៃសង្គ្រាមវាយប្រហារ បណ្តាលឲ្យមនុស្សជាង ៣ពាន់នាក់ស្លាប់នៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះអុីរ៉ង់ មានអ្នកស្លាប់១៩០០នាក់។
នៅក្នុងសង្គ្រាមវាយប្រហារនេះ អាមេរិកក៏បានប្រើប្រាស់មីស៊ីល តម្លៃថ្លៃនិងទំនើប Tomahawk រហូតដល់ជាង ៨៥០គ្រាប់ ក្នុងសង្គ្រាមរយៈពេល៤សប្តាហ៍ជាមួយអ៉ីរ៉ង់ បង្កឱ្យមានការព្រួយបារម្ភនៅមន្ទីរបញ្ចកោណ។
យោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រនេះ យោធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង ៨៥០គ្រាប់ ក្នុងរយៈពេលតែ ៤សប្តាហ៍នៃសង្គ្រាមជាមួយអ៉ីរ៉ង់ ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ រហូតធ្វើឱ្យមន្ត្រីមន្ទីរបញ្ចកោណមួយចំនួនមានការព្រួយបារម្ភ និងឈានដល់ការជជែកពិភាក្សាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឱ្យបានទាន់ពេលវេលា។
ទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តី សេតវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការ ដោយអ្នកនាំពាក្យ លោកស្រី Karoline Leavitt បានបញ្ជាក់ប្រាប់ Reuters ថា៖ «កងទ័ពអាមេរិកមានសព្វាវុធ និងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅនៃ «ប្រតិបត្តិការកំហឹងដ៏មហិមា» (Operation Epic Fury) ដែលកំណត់ដោយប្រធានាធិបតី ត្រាំ»។ លោកស្រីបានបន្ថែមថា លោក ត្រាំ នៅតែបន្តជំរុញឱ្យក្រុមហ៊ុនការពារជាតិទាំងអស់ ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោក។
ជម្លោះរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ ដែលកំពុងឈានចូលដល់សប្តាហ៍ទី៤នេះ បានបង្កឱ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់ (Precision weapons) យ៉ាងច្រើនលើសលប់ ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធា និងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហេរ៉ង់។ រហូតមកដល់ពេលនេះ ក្រសួងការពារជាតិអាមេរិក នៅមិនទាន់ផ្តល់ការអត្ថាធិប្បាយណាមួយជាផ្លូវការជុំវិញសេចក្តីរាយការណ៍នេះនៅឡើយទេ៕











