ខេត្តតាកែវ÷ យុវជនម្នាក់ដែលតែងតែបង្កការអុកឡុកក្នុងគ្រួសារត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរបុរីឃាត់ខ្លួនជាថ្មីម្ដងទៀត បន្ទាប់ពីប្រើហិង្សាទៅលើជីតាបង្កការភ្ញាក់ផ្អើលពេញភូមិ។ ជននេះក៏ទើបតែចេញពីពន្ធនាគារកាលពីថ្មីៗនេះដែរ។
មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១១កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០ នាទី កើតមានករណីហិង្សាដោយចេតនា ១ករណី នៅចំណុចផ្ទះឈ្មោះ សុខ អុន នៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី បង្កឡើងដោយឈ្មោះ ស៊ន ដារ៉ា ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានផឹកស្រាស្រវឹងរករឿងវាយប្អូនស្រីឈ្មោះ ស៊ន លីហ្សា ហើយឈ្មោះ សុខ អុន(ត្រូវជាជីតា) អាយុ៧២ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ក៏បានចូលឃាត់ជនបង្កខាងលើកុំឱ្យវាយចៅស្រីរបស់គាត់ តែឈ្មោះ ស៊ន ដារ៉ា មិនស្តាប់ក៏ធ្វើសកម្មភាពហក់ធាក់ទៅលើឈ្មោះ សុខ អុន (ត្រូវជាជីតា) ចំនួន១ជើងបណ្តាលឱ្យដួលទៅលើដី ហើយយកវត្ថុមុខស្រួចមកចាក់ចំគុម្ភត្រចៀកខាងឆ្វេង រងរបួសដេរ ៣ថ្នេរ និងថ្លោះចង្កេះ។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយ មានការចង្អុលបង្ហាញពីលោកឧត្តមស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បញ្ជាកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនបង្កខាងលើ និងប្រមូលវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ជនបង្កខាងលើច្រើនតែងតែបង្កការអុក ឡុកក្នុងគ្រួសារនិងអ្នកភូមិជិតខាងជាញឹកញាប់និងធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយទើបតែចេញ៕
ដោយ៖ សុរិយា










