ក្នុងអំឡុងពេលមានអាសន្នថាមពលជាតិ ហ្វីលីពីនទិញប្រេងឆៅបាន២.៥លានបារ៉ែលពីរុស្ស៉ី

ចែករំលែក៖

ប្រេងឆៅពីសហព័ន្ធរុស្ស៊ីបានក្លាយជា “ខ្សែជីវិត” សម្រាប់ប្រទេសហ្វីលីពីន ខណៈដែលការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ាកាន់តែពិបាកទទួលបាន ដោយសារតែការបិទច្រកសមុទ្រហ័រ
មូសស្ទើរតែទាំងស្រុង។
សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ បានផ្សាយថា ក្រុមហ៊ុន Petron Corp ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងតែមួយគត់របស់ហ្វីលីពីន ធានាការទិញប្រេងឆៅបានចំនួនជិត ២.៥លានបារ៉ែលពីប្រទេស
រុស្ស៉ី ចំពោះមុខវិបត្តិសាំងឡើងថ្លៃ ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា។
ក្រុមហ៊ុន Petron បាននិយាយថា ខ្លួនបានព្រមព្រៀងទិញប្រេងឆៅរុស្ស៉ី ក្រោយមើលឃើញការដឹកជញ្ជូនប្រេងយ៉ាងហោចចំនួន ៤លានបារ៉ែលត្រូវបានលុបចោល គិតចាប់តាំងពីកើតមានសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់។ ការទិញនេះ គឺបន្ទាប់ពីសហរដ្ឋអាមេរិកបានលើកលែងជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រេង
រុស្ស៉ី ដែលត្រូវបានដាក់ពាក់ព័ន្ធសង្រ្គាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
ការចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Petron ទទួលបន្ទុកប្រមាណ៣០ភាគរយ នៃតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសហ្វីលីពីន។ ប្រេងឆៅត្រូវឆ្លងកាត់ការកែច្នៃនៅរោងចក្រចម្រាញ់ប្រេង ដើម្បីប្រែក្លាយវាឱ្យទៅជាឥន្ធនៈសម្រាប់ប្រើប្រាស់ ដូចជាម៉ាស៊ូតជាដើម។ យោងតាមការប៉ាន់ប្រមាណកាលពីឆ្នាំ២០២៤ ការប្រើប្រាស់ប្រេងម៉ាស៊ូតប្រចាំថ្ងៃនៅហ្វីលីពីន គឺមានចំនួនជិត២០២ ០០០បារ៉ែល ក្នុងមួយថ្ងៃ។
បើតាមរដ្ឋាភិបាលប្រធានាធិបតី Marcos គិតត្រឹមថ្ងៃទី២៧ ខែមីនា ហ្វីលីពីនមានស្តុកប្រេងសាំងសម្រាប់ផ្គត់ផ្គង់បាន៥៣ថ្ងៃ, ម៉ាស៊ូតបាន៤៥ថ្ងៃ, ប្រេងកាតបាន៩៧ថ្ងៃ, ឧស្ម័ន LPG បាន២៣ថ្ងៃ និងប្រេងយន្តហោះបាន៣៨ថ្ងៃ។ តម្លៃប្រេងឥន្ធនៈនៅហ្វីលីពីនបានកើនឡើងទ្វេដង ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយត្រូវបានរំពឹងថា នឹងបន្តកើនថែមទៀត។ ហ្វីលីពីនគឺជាប្រទេសដំបូងគេបង្អស់ ដែលបានប្រកាសភាពអាសន្នថ្នាក់ជាតិផ្នែកថាមពល ដោយសារផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា៕ ដោយធីរីណា

រូបថត​: TTXVN


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print