អត់លុយទិញថ្នាំញៀនហ៊ានលួចម៉ូតូសណ្តោងរ៉ឺម៉កអ្នកភូមិយកទៅបញ្ចាំ ជាប់ក្នុងកាមេរ៉ាសុវត្ថិភាពត្រូវសមត្ថកិច្ចឃាត់ខ្លួន 

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យជាស្ត្រីម្នាក់ អត់លុយទិញថ្នាំញៀនប្រើប្រាស់ ហ៊ានលួចម៉ូតូសណ្តោងរ៉ឺម៉កអ្នកភូមិទាំងថ្ងៃ ជាប់ក្នុងកាមេរ៉ាសុវត្ថិភាព និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីលួចរឺម៉កកើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦ នៅចំណុច មុខផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិព្រែកតាពៅ(១) សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 

សមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ហ្វាអ៉ីសាស ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរលក់ដូរ។ សម្ភារ:បាត់បង់ ម៉ូតូសណ្តោងរ៉ឺម៉ក០១គ្រឿង សម្រាប់ដឹកសាច់គោលក់ចល័ត ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ចំណែកជនសង្ស័យឈ្មោះ សៃនី សាទី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) និងមានទី លំនៅក្នុងភូមិ សង្កាត់កើតហេតុជាមួយជនរងគ្រោះដែរ ។ វត្ថុតាងចាប់យក ៖ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង (របស់ជនរងគ្រោះរកឃើញមកវិញ។

 

សមត្ថកិច្ចបានប្រាប់បន្តទៀតថា ក្រោយពីត្រឡប់មកពីលក់សាច់គោវិញ ជនរងគ្រោះ បានយកម៉ូតូសណ្តោងរ៉ឺម៉ក មកទុកនៅមុខផ្ទះ រួចក៏បានចូលទៅក្នុងផ្ទះបាត់ទៅ។ បន្ទប់មកក៏មានជនសង្ស័យមកធ្វើសកម្មភាពលួចជិះម៉ូតូរ៉ឺម៉កនោះយកទៅបាត់ ។ ក្រោយពេលកើត ហេតុ ជនរងគ្រោះបានឆែកកាមេរ៉ាសុវត្តិភាពមើល ក៏ស្គាល់ភិនភាគ ជនសង្ស័យ រួចក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀនដើម្បីជួយស្រាវជ្រាវហើយឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

នៅចំពោះមុខសមត្ថកិច្ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះ ហើយយកទៅដាក់បញ្ចាំឲ្យគេនៅសង្កាត់ចោមចៅបានប្រាក់ចំនួន៣០០ដុល្លា ប្រាកដមែន។

 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print