ភ្នំពេញ៖ តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។
លើកឡើងក្នុងកិច្ចប្រជុំពេញអង្គសភាកាលពីថ្ងៃទី៣០ ខែមីនា តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យលោក សេរី កុសល បានលើកឡើងថា ខេត្តបន្ទាយមានជ័យហែលឆ្លងទុក្ខលំបាកច្រើនណាស់ហើយពីការបំផ្លាញរបស់ក្រុមឆបោកអនឡាញ និងការឈ្លានដែលថៃថាធ្វើប្រតិបត្តិការដើម្បីបង្ក្រាប Scam នៅកម្ពុជា។ លោកជំរុញឱ្យបង្កើតតុលាការពាណិជ្ជកម្ម និងបង្កើតយន្តការត្រួតពិនិត្យពីលើគណៈកម្មការប្រឆាំងបទល្មើសបច្ចេកវិទ្យាមួយថែមទៀត។
លោកថា៖ «ព្រោះរាល់ Scam ទាំងអស់នៅកម្ពុជាសុទ្ធតែមានខ្នងបង្អែកនៅពីក្រោយហើយខ្នងមិនមែនប្រហែលខ្ញុំ ប្រហែលអស់លោកផ្សេងទៀតនៅទីនេះទេ! វាអាចខ្នងហ្នឹងវាប៉ានដែកទៀតជួនកាលពេលអនុវត្តន៍ទៅវាទើស។ តែខ្ញុំបានឮឯកឧត្ដមប្ដេជ្ញាហើយនៅក្នុងកិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌ក្ដីប្ដេជ្ញាថាអ្នកនៅពីក្រោយមិនឱ្យរួចខ្លួនទេ! ដូច្នេះត្រូវមានយន្តការមួយទៀតត្រួតពិនិត្យ ខ្លាចយន្តការហ្នឹងធ្លាយទៅមុខលែងរួច តែបណ្ដោយគឺគ្រោះថ្នាក់ទាំងអស់គ្នា»។
ប្រធានគណៈកម្មការទី២នៃរដ្ឋសភាលោក ឈាង វុន ក៏បានចោទសួរពីការត្រួតពិនិត្យរបស់អាជ្ញាធរលើជនបរទេសដែលចូលមកកម្ពុជា ការស្នាក់នៅ និងការផ្ដល់ប័ណ្ណការងារដល់ពួកគេ។ លោកថានេះសុទ្ធតែជាប្រព័ន្ធដែលធ្វើឱ្យឧក្រិដ្ឋកម្មឆបោកនៅកម្ពុជាកើតឡើង ហើយមិនគួរទុកដល់មានបញ្ហាហើយទើបបង្ក្រាបនោះទេ។
លោកថា៖ «ជាមួយគ្នាហ្នឹងអាជ្ញាធរមូលដ្ឋានហ្នឹងពួកហ្នឹងមិនមែនមកសង់ផ្ទះឯណា! មកប្រព្រឹត្តិបទឧក្រិដ្ឋក្នុងស្រុកខ្មែរយើងនេះគាត់មកជួលផ្ទះគេ ជួលទីតាំង។ អាជ្ញាធរយើងគួរតែតាមដានរឿងហ្នឹងដែរគគ្រឹកគគ្រេងកន្លែងហ្នឹង។ មិចបានមានមនុស្សច្រើនម្លេះនៅកន្លែងហ្នឹង? អ៊ីចឹងហើយដែលខ្ញុំគ្រាន់តែចង់និយាយថាគួរគិតពីរឿងមុនកើតហេតុនោះមុនបទឧក្រិដ្ឋកើតឡើងត្រូវមានការគ្រប់គ្រងរឿងហ្នឹង »។
លោកថាបញ្ហាដែលទៅដល់តុលាការគឺជាការកែបញ្ហាមិនមែនជាការបង្ការបញ្ហាទេ ដែលអង្គនីតិប្រតិបត្តិត្រូវឆ្លើយតបឱ្យបានច្បាស់លាស់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដែលបានឡើងថ្លែងការពារសេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យាបានគាំទ្រចំពោះការលើកឡើងរបស់សមាជិកសភា តែលោកបញ្ជាក់ថាវិធានការបង្ការ និងបង្ក្រាប ត្រូវតែដើរទន្ទឹមគ្នាគ្រប់បទឧក្រិដ្ឋកម្មទាំងអស់។ លោកបន្ថែមថា ការបង្ក្រាបក៏ជាកត្ដាដែលរួមចំណែកក្នុងការបង្ការដែរ។
លោកថា៖ «មុខងារនៃទោសមាន២គឺមុខងារបង្ក្រាប មុខងារអប់រំកែប្រែ ហើយនិងមុខងារមួយទៀតគឺការបង្ការនេះដែរ។ ទី២ ទាក់ទងបញ្ហា Scam ប្រសិទ្ធភាពនៃការបង្ក្រាប Scam នេះក៏នឹងរួមចំណែកទៅនឹងការបង្ការទប់ស្កាត់ដែរ។ តាមរយៈចេញច្បាប់នេះទៅអ្នកជួលទីតាំងទាំងឡាយនឹងមានការប្រុងប្រយ័ត្នជាងមុនទាក់ទងនឹងការជួលទីតាំងព្រោះអាចនឹងក្លាយជាកម្មវត្ថុនៃការរឹបអូស បុគ្គលមួយចំនួននឹងមានការប្រុងប្រយ័ត្នព្រោះអាចក្លាយជាកម្មវត្ថុដែលគេជ្រើសរើសយកទៅធ្វើជា Scamer »។
ទោះជាយ៉ាងណាលោកទទួលស្គាល់ថាវិធានបង្ក្រាបនេះពិតជាមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវតែមានវិធានការបង្ការទប់ស្កាត់ ដែលបានឃើញរួចរាល់ហើយដែលរដ្ឋាភិបាលដាក់ចេញជាទ្រង់ទ្រាយយុទ្ធនាការឱ្យប្រមូលផ្ដុំកម្លាំងសរុបដើម្បីធ្វើកិច្ចការនេះដោយមានការចូលរួមគ្រប់ក្រសួងស្ថាប័នទាំងអស់។
គួរឱ្យដឹងផងដែរថាសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកបច្ចេកវិទ្យា ត្រូវបានសមាជិកសភាកម្ពុជាអនុម័តនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងសំឡេង១១២សំឡេង។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា បានបង្កើតនូវបទល្មើសព្រហ្មទណ្ឌពិសេសចំនួន៥ ដើម្បីពង្រឹងនូវប្រសិទ្ធភាពប្រឆាំងការឆបោក និងបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ផងដែរ៕
ដោយ៖តារា










