ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែងសម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។
លោកអ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមានសេវាទាំងអស់នេះសម្រាប់ជួយគាំពារដល់ពលករខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់នោះទេ។
បន្ថែមពីនេះ លោក ស៊ុន មេសា ក៏បានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បីចៀសវាងការប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មានឯកសារស្របច្បាប់ក៏ដោយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់៕
ដោយ៖តារា










