ខេត្តកណ្ដាល៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានចាត់ឱ្យលោក ជា ហ៊ោ អភិបាលរងក្រុងអរិយក្សត្រ ដឹកនាំក្រុងការងារមន្រ្តីជំនាញចុះពិនិត្យទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែង ស្ថិតនៅក្បាលដីលេខ ១៣៨៩ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោយចុះពិនិត្យអាជ្ញាធរបានរកឃើញថាទីតាំងការដ្ឋាន ដែលបានបើកដំណើរការសាងសង់ ដោយមិនមានទាំងលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានសាងសង់ តាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ជាក់ស្ដែងយោងតាមលិខិតរបស់រដ្ឋបាលក្រុងអរិយក្សត្រ បានឱ្យដឹងថា ការដ្ឋានសំណង់ខាងលើ ជាកម្មសិទ្ធិរបស់លោក លីវ តុងមីន និងលោក ឡេង ខេង។
សូមជម្រាបថា កន្លងមក រដ្ឋបាលក្រុងអរិយក្សត្របានចុះណែនាំ និងចេញសេចក្តីជូនដំណឹងជាច្រើនលើក ដើម្បីឱ្យម្ចាស់សំណង់ផ្អាកការដ្ឋាន និងរក្សាស្ថានភាពដើមជាបណ្ដោះអាសន្ន ប៉ុន្តែម្ចាស់សំណង់នៅតែបន្តអំពើរឹងរូស មិនអនុវត្តតាមការណែនាំ និងបន្តសាងសង់ដោយលួចលាក់។ ហើយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានណែនាំម្ដងទៀត ម្ចាស់សំណង់ខាងលើនៅតែមិនសហការណ៍ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី រដ្ឋបាលក្រុងអរិយក្សត្រ តម្រូវឱ្យលោកផ្អាកសាងសង់សំណង់ដែលបានសាងសង់នោះ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីលោកមិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងអរិយក្សត្រ។ អាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើសំណង់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់សម្ភារៈអ្វីឡើយ ករណីរឹងរូសនៅមិនសហការណ៍ រដ្ឋបាលក្រុង នឹងកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ច្បាប់ជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលក្រុងអរិយក្សត្រ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់គម្រោងសំណង់ទាំងអស់ សូមគោរពតាមនីតិវិធីច្បាប់ ធ្វើការស្នើសុំអនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសាងសង់ ដើម្បីចៀសវាងការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ និងការខាតបង់៕
ដោយ៖តារា










