ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីឱ្យចាត់ទុកមតិយោបល់ និងសំណូមពរពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវា!

ចែករំលែក៖

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកមន្ត្រីឱ្យចាត់ទុកមតិយោបល់ និងសំណូមពរពលរដ្ឋ ជាកញ្ចក់កែលម្អ និងពង្រឹងគុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន ៤៤៧នាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំប្រកបដោយការលើកទឹកចិត្តដល់មន្ត្រី ប្រកាន់ខ្ជាប់នូវឥរិយាបថបម្រើពលរដ្ឋដោយភាពស្មោះត្រង់ រាក់ទាក់ និងដោះស្រាយបញ្ហាឱ្យចំគោលដៅ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ 

ការថ្លែងយ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានគូសបញ្ជាក់ពីលទ្ធផលនៃដំណើរការសិក្ខាសាលា ជាពិសេសលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅ នៃយន្តការច្រកចេញចូលតែមួយ។ ក្នុងឆ្នាំកន្លងទៅ ការផ្តល់សេវារដ្ឋបាលមានចំនួនសរុបជិត ៥លានសេវា ដែលសបញ្ជាក់ឱ្យឃើញថា យន្តការនេះបានផ្លាស់ប្តូរការបម្រើសេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព។ 

ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងចាត់ទុកលទ្ធផលនេះថាជាការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានបំពេញតួនាទីប្រកបដោយស្មារតីបុរេសកម្ម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា រាល់មតិយោបល់ និងសំណូមពរដែលបានលើកឡើង គឺជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ យកមកធ្វើជាមូលដ្ឋានក្នុងការបង្កើតគោលការណ៍ និងវិធានការដោះស្រាយ គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ 

ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមមួយចំនួន ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ ឱ្យបន្តសហការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យា ពន្លឿនការបញ្ជូនឯកសារបទដ្ឋានបច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីឱ្យកាន់តែមានសមត្ថភាព។ ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់ចេញនូវទិសដៅអនុវត្តបន្តយ៉ាងម៉ឺងម៉ាត់ ក្នុងនោះត្រូវពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពមន្ត្រីនៅតាមការិយាល័យច្រកចេញចូលតែមួយ ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងរៀបចំស្លាកសញ្ញាបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាព។ 

បន្ថែមលើនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យយកចិត្តទុកដាក់លើការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនក្រោម ៥លានដុល្លារ និងត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសគឺការពង្រឹងវិន័យ និងមនសិការទទួលខុសត្រូវរបស់មន្ត្រីប្រចាំការនៅតាមការិយាល័យច្រកនីមួយៗ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈដែលប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print