ខេត្តព្រៃវែង៖ ក្នុងស្មារតីមនុស្សធម៌ “មិនបោះបង់ពលរដ្ឋណាម្នាក់ចោល” នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ អមដំណើរដោយ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់ផ្ទះថ្មថ្មី ១ខ្នង ជូនលោកយាយ សុខ សន អាយុ ៩២ឆ្នាំ ដែលជាស្ត្រីចាស់ជរាទីទ័លក្រ ស្ថិតនៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
អំណោយផ្ទះថ្មថ្មីនេះ គឺជាផ្ទះទី៤ ហើយ គិតចាប់ពីឆ្នាំ២០២៣ មក ដែលត្រូវបានសាងសង់ឡើងជាអំណោយសប្បុរសធម៌ផ្ទាល់ខ្លួនរបស់ ឯកឧត្តម វង សូត និងលោកជំទាវ ដើម្បីជួយសម្រាលការលំបាក ដល់គ្រួសារដែលមានជីវភាពខ្វះខាតបំផុត ។
ផ្ទះដែលបានប្រគល់ជូននាឱកាសនេះ ជាប្រភេទផ្ទះថ្មរចនាបទបែប “ក្រពើហា” មានទំហំ ៤,៥០ម៉ែត្រ x ៨,៥០ម៉ែត្រ ក្រាលការ៉ូ ប្រក់ហ្វ៊ីប្រូស៊ីម៉ង់ត៍ រួមទាំងមានបន្ទប់ទឹកអនាម័យ និងការតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋរួចជាស្រេច។ ថវិកាសាងសង់សរុបមានចំនួន ២០លានរៀល ដែលជាការឧបត្ថម្ភទាំងស្រុងពីគ្រួសារឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភា។
លោកយាយ សុខ សន ដែលរស់នៅជាមួយសមាជិកគ្រួសារ ៣នាក់ ក្នុងជីវភាពខ្វះខាត បានរៀបរាប់ទាំងក្តីរំភើប និងទឹកភ្នែកថា៖ «ក្នុងមួយជីវិតនេះ ខ្ញុំមិនដែលហ៊ានស្រមៃថាមានផ្ទះថ្មមាំមួនបែបនេះសម្រាប់ជ្រកកោនឡើយ។ នេះគឺជាមហាករុណាធិគុណដ៏ធំធេងបំផុតសម្រាប់គ្រួសារខ្ញុំ»។
សូមបញ្ជាក់ដែរថា សកម្មភាពសប្បុរសធម៌ របស់ លោក វង សូត និងលោកជំទាវ នៅពេលនេះមិនត្រឹមតែជាការផ្តល់ជម្រកដ៏មានសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានផងដែរ។
លោក វង សូត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរាគ្មានទីពឹង ដោយចាត់ទុកការជួយសង្គ្រោះ និងការលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ ជាបេសកកម្មអាទិភាពក្នុងនាមជាតំណាងរាស្ត្រ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថាប័ននីតិប្បញ្ញត្តិ៕
ដោយ : សិលា















