ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងដីឡូត៍មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លូនជនបរទេស២០នាក់ រួមមានជនជាតិចិន១៩នាក់ និងស្រ្តីកៀរគីស្ថានម្នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជុំវិញបញ្ហាបានឲ្យដឹងជាបឋមថា ៖ ក្រោយទទួលបានព័ត៌មានភ្លាមថាទីតាំងដីឡូត៍ខាងលើ មានលួចបង្កប់ប្រព្រឹត្តបទល្មើស Online Scam កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរ បានបើកប្រតិបត្តិការភ្លាមៗស្រាវជ្រាវ ហើយឈានដល់ការឆ្មក់បង្ក្រាបជាក់ស្តែង។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ជនបរទេស២០នាក់ និងចាប់យកសម្ភារះជាច្រើនទៀតដែលបម្រើឲ្យការប្រព្រឹត្តនៃបទល្មើសមួយនេះ។
នៅពេលនេះសម្រាប់ជនល្មើស និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ និងរក្សាទុក ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី ៕
ដោយ ៖ សិលា










