ភ្នំពេញ៖ បុរសម្នាក់បោកក្បាលនិងលូស្លាប់ក្នុងថ្លុកឈាម ចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកតាមកង់បីយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូឌុបគ្នាលឿនបុកឡើងចិញ្ចើមផ្លូវបណ្តាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១២:០០ រំលងអាធ្រាតឈានចូលថ្ងៃទី០២ខែមេសាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូម៉ាកXR ពណ៌ក្រហមលាយសមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1LP- 5044 ឌុបគ្នាតាមបណ្តោយផ្លូវ២០១១ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតឡើងក៏បានរ៉េចង្កូតបុកឡើងចិញ្ចើមផ្លូវបណ្តាលឲ្យដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រនិងធ្វើអោយបុរសរងគ្រោះម្នាក់បោកក្បាលទៅនិងលូបែកខួរស្លាប់ភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកតាមកង់បីយកទៅសង្រ្គោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្នរង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










