សារព័ត៌មាន AFP យោធាអ៉ីស្រាអែលបាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងធ្វើការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលពីអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ មួយសន្ទុះប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ការថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកអំពីការធ្វើបច្ចុប្បន្នភាពនៃស្ថានការណ៍ សង្រ្គាមជាមួយអ៉ីរ៉ង់។
ក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអ៉ីស្រាអែលបានឱ្យដឹងថាខ្លួនចាប់បានសញ្ញានៃការបាញ់មីស៊ីលចេញពីអ៉ីរ៉ង់ ឆ្ពោះទៅកាន់ទឹកដីអ៉ីស្រាអែលជាលើកទី៣ ក្នុងរយៈពេលត្រឹម៣ម៉ោង ហើយប្រព័ន្ធការពារដែនអាកាសកំពុងធ្វើប្រតិបត្តិការស្ទាក់បំផ្លាញមីស៊ីល។ តាមយោធាអ៉ីស្រាអែល ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើងនៅទូទាំងភាគខាងជើងអ៉ីស្រាអែល ។ ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងពីមហាជ័យជម្នះក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងបានអះអាងថាកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ រីឯមេដឹកនាំរបស់អ៉ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ខណៈសមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ត្រូវបានកាត់បន្ថយយ៉ាងសម្បើម៕

រូបថត:AFP









