បើកម៉ូតូវ៉ាជែងរថយន្ត មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យស្លាប់បីនាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងម៉ូតូ បុកជាមួយនឹងម៉ូតូ ខណៈបើកបរបញ្ច្រាសទិសគ្នា តែមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿន ក៏បុកគ្នាពេញ ទំហឹង លាន់ឮសូរប្រាវ បណ្តាលឱ្យដួលបោកទៅនឹងផ្លូវថ្នល់ស្លាប់នៅនឹងកន្លែង៣នាក់តែម្តង ។

 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣៣នាទីយប់ថ្ងៃទី១ ខែ មេសាឆ្នាំ ២០២៦ នៅត្រង់ចំណុចច្រកប្រាំបាត ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយករណីនេះបណ្ដាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៣នាក់ (ប្រុស) និងខូចខាតម៉ូតូ២គ្រឿងយ៉ាងដំណំ។

 

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ភាគីម៉ូតូបង្ក ទី១. អ្នកបើកបរម៉ូតូឈ្មោះ នុន រិទ្ធីស័ក្ក ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ )បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-3731 ខូចខាតកម្រិតធ្ងន់។

 

ភាគីទី២. ខាងបើកបរម៉ូតូរងគ្រោះ ទី១. អ្នកបើកបរ ឈ្មោះ ម៉ាន់ ពិសិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជាមេជាងសំណង់ ( ស្លាប់) ដោយបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1AA-4188 រងការខូចខាតយ៉ាងខ្លាំងនិងទី២. អ្នករួមដំណើរឈ្មោះ ភាន់ សាវេញ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ទាំងពីរនាក់រស់នៅភូមិអន្លង់រៃ ឃុំក្ដុលតាហែន ស្រុកបវិល ខេត្តបាត់ដំបង (ស្លាប់) ។

 

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់នេះកើតឡើង គឺបណ្ដាលមកពីបើកបរម៉ូតូឡើងវ៉ាជែងរថយន្តខាងមុខ ខ្វះការមើលមុខ ក្រោយ និងមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកម៉ូតូម្ខាងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង ។

 

ក្រោយពេលកើតហេតុ មន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅត្រួតពិនិត្យ និងវាស់វែង ដោយយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន រង់ចាំធ្វើការដោះស្រាយតាមច្បាប់។

 

ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានគេប្រគល់ជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print