ទីក្រុងគូឡាឡាំពួ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា៖ អាជ្ញាធរគយរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមពង្រឹងការអនុវត្តលើការហាមឃាត់ទាំងស្រុងនូវការនាំចូលសំណល់អេឡេត្រូនិកចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ក្នុងគោលបំណងទប់ស្កាត់ការនាំចូលដោយខុសច្បាប់ដែលកំពុងបន្តបង្កផលប៉ះពាល់ដល់ប្រទេសជាសមាជិកអាស៊ានមួយនេះ។
សំណល់អេឡិចត្រូនិក ឬហៅថា E-waste ចង់សំដៅទៅលើឧបករណ៍អេឡិចត្រូនិក ដែលត្រូវបានគេបោះចោល រួមមានដូចជា ទូរសព្ទដៃ កុំព្យូទ័រ ទូរទស្សន៍ ថ្ម និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ ក្នុងមួយឆ្នាំៗ ពិភពលោកបានផលិតសំណល់អេឡិចត្រូនិករាប់សិបលានតោន ហើយក្នុងនោះមានសំណល់ឧបករណ៍អេឡិចត្រូនិកជាច្រើនអាចបញ្ចេញលោហធ្ងន់ និងសារធាតុគីមីផ្សេងទៀត ដែលបង្កផលវិបាកធ្ងន់ដល់សុខភាពរបស់មនុស្ស។ ជាឧទាហរណ៍៖ លោហៈធ្ងន់ ដូចជាជាតិសំណ និងបារតអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការលូតលាស់របស់កុមារ។
បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងម៉ាឡេស៊ី បានព្យាយាមហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក ប៉ុន្តែការធូរលុងក្នុងការអនុវត្តច្បាប់ និងអំពើពុករលួយបានបើកឱកាសឱ្យ ឈ្នួញទុច្ចរិតបន្តស្វែងរកផលចំណេញ។ បើតាមស្ថាប័ន Basel Action Network ដែលធ្វើការពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់សំណល់អេឡត្រូនិក មានសំណល់អេឡត្រូនិកជាង ៧៥០០កុងតឺន័រ ត្រូវបាននាំចូលក្នុងប្រទេសម៉ាឡេស៊ី ពីសហរដ្ឋអាមេរិកនៅចន្លោះពីខែមករា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។
អាជ្ញាធរម៉ាឡេស៊ីកាលពីខែកុម្ភៈ បានសម្រេចចិត្តដាក់បម្រាមទាំងស្រុងលើការនាំចូលសំណល់អេឡិចត្រូនិក ដោយមិនមានករណីលើកលែង។ អគ្គនាយកគយម៉ាឡេស៊ី លោក Amran Ahmad បានឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែមេសាតទៅ ការនាំចូល សំណល់អេឡិចត្រូនិកចូលម៉ាឡេស៊ី នឹងត្រូវបានហាមឃាត់ទាំងស្រុង នៅគ្រប់ច្រកព្រំដែនទាំងអស់។
គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី កាលពីពេលថ្មីៗនេះបានទទួលជោគជ័យក្នុងការបង្ក្រាបការនាំចូលសំណល់អេឡិចត្រូនិក ដោយអង្គភាពពិសេសបានស្ទាក់រឹបអូសសំណល់អេឡិចត្រូនិក ២៤២តោន អំឡុងប្រតិបត្តិការឆ្មក់ឆែកឆេរមួយកាលពីថ្ងៃទី៣០ ខែមីនា នៅឯកំពង់ផែ Klang ដែលជាកំពង់ផែដ៏ធំ និងមមាញឹកបំផុតរបស់ម៉ាឡេស៊ី៕
ដោយ៖តារា










