នគរបាលចុះទៅអប់រំធ្វើកិច្ចសន្យាក្រុមស្ត្រីៗលួចនាំគ្នាលេងល្បែងស៊ីសងក្នុងដីឡូត៍ រហូតភ្លេចដាំស្លឱ្យប្តី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រជាពលរដ្ឋបានបង្ហោះតាមបណ្តាញសង្គមថាមានល្បែងស៊ីសងនៅចំណុចដីឡូត៍មួយកន្លែងរួចមក កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនិងណែនាំអ្នកលេងល្បែងទាំងនោះ ដែលភាគច្រើនជាស្ត្រីចាស់ៗ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

 

ប្រជាពលរដ្ឋបានបង្ហោះសារតាមបណ្តាញសង្គម ដោយសុំឲ្យអាជ្ញាធរមានសមត្តកិច្ចជួយលុបបំបាត់ល្បែងស៊ី សងដែលលេងខួបប្រាំងខួបវស្សា មាន២ទៅ៣វង់ ជាប្រភេទល្បែងលេងបៀ ភាគច្រើនជាស្ត្រី មានខ្លះបីកូននិងចៅទៅលេង រហូតភ្លេចដាំបាយ និងធ្វើម្ហូបឱ្យប្តីហូប ក្រោយពេលប្តីត្រឡប់មកពីធ្វើការវិញគ្មានអ្វីហូប ហើយ ក៏កើតមានករណីហឹង្សាក្នុងគ្រួសារជាញឹកញាប់ផងដែរ ទើបសុំឱ្យសមត្តកិច្ចចុះបង្ក្រាបកុំឱ្យមានបន្តទៀត។

 

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានឱ្យថា ក្រោយទទួលបានព័ត៌មានខាងលើហើយ កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបជាក់ស្តែង ដោយឃើញភាគច្រើនជាស្ត្រីចាស់ៗលេងបៀដាក់លុយ៥០០ ទៅ១.០០០រៀល ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃើញស្ថានភាពជាក់ស្តែងបែបនេះ បានធ្វើការអប់រំណែនាំ និងកិច្ចសន្យានៅនឹងកន្លែងឱ្យបញ្ឈប់សកម្មភាពលេង ល្បែងស៊ីសងបន្តទៀត ។ បើឃើញមានលើកក្រោយទៀត នឹងមានវិធានការតាមច្បាប់តែម្តង ហើយកម្លាំងបានប្រមូលវត្ថុតាងមានបៀ កន្ទេល និងតុង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សី។

 

កម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា ជាការណែនាំពីស្នងការនគរបាលខេត្តបន្ទាយមានជ័យឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានដាក់វិធានការលុបបំបាត់ល្បែង ស៊ី សងមិនឱ្យកើតមានក្នុងមូលដ្ឋាន ជាពិសេសថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលល្បែងហាមឃាត់មិនឱ្យលេង គឺអនុញ្ញាតឱ្យលេងតែល្បែងប្រជាប្រិយតែប៉ុណ្ណោះ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print