ខេត្តកណ្ដាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅថ្ងៃទី០២ខែមេសានេះថាជនសង្ស័យពាក់ព័ន្ធនឹងបណ្ដាញជួញដូរគ្រឿងញៀនយ៉ាងសកម្ម ៤នាក់ ក្នុងនោះមានស្ត្រី ១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ រួមទាំងដកហូតថ្នាំញៀន ៧កញ្ចប់តូច កាលពីថ្ងៃទី៣០ មីនា ២០២៦ វេលាម៉ោង ១៥ និង៥០នាទី នៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលនិងបន្តឈាន ដល់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែល ត្រូវឃាត់ខ្លួនរួមមានទី១ ឈ្មោះ អឿន ជ័យរដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ,ទី២ឈ្មោះ ង៉ិ ស្រីនិត ភេទស្រីអាយុ២២ឆ្នាំ ទី៣ ឈ្មោះ ធី វឌ្ឍនា ហៅ ហ៊រ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤ ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ ភេទប្រុស អាយុ ២៩ឆ្នាំ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាម៉ាទឹកកក ៧កញ្ចប់តូច សម្ភារៈប្រើប្រាស់ និងវេចខ្ចប់មួយចំនួន ជញ្ជីងថ្លឹង ១ ទូរស័ព្ទដៃ ៣គ្រឿង និងក្រដាសវេលុយវីង ២សន្លឹក។
លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ ខ្លួនខាងលើគឺមានប្រជាពលរដ្ឋបានរាយការណ៍ថា មានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះរបស់ឈ្មោះ អឿន ជ័យរដ្ឋ ក្នុងភូមិព្រែកស្វាយ២។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ឈើទាល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ អឿន ជ័យរដ្ឋ និងឈ្មោះង៉ិ ស្រីនិត រួមទាំងដកហូតបានថ្នាំញៀន ៦កញ្ចប់តូច។ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថាថ្នាំញៀននេះគឺទិញពីឈ្មោះ ហ៊រ ក្នុងតម្លៃ ៥ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ហើយឈ្មោះ ង៉ិ ស្រីនិត បានបញ្ជាក់ថា ឈ្មោះ ហ៊រ ធ្លាប់ប្រាប់ថាយកថ្នាំញៀនពីបងអុំ មកឲ្យពួកគេ។
លោកអធិការបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយសារភាព កាលពីថ្ងៃទី៣១ មីនា ២០២៦ វេលាម៉ោង១៤ និង ៥០ នាទី កម្លាំងជំនាញបានបន្តនីតិវិធីចុះទៅដល់ផ្ទះរបស់ឈ្មោះ ខុម សុខធារ៉ា ហៅ អុំ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួចឃាត់ខ្លួនរូបគេ និងឈ្មោះធី វឌ្ឍនា ហៅ ហ៊រ ព្រមទាំងដកហូតបានថ្នាំញៀន ១កញ្ចប់តូចបន្ថែមទៀត។ ពេលសាកសួរ ឈ្មោះ ហ៊រ បានសារភាពថាខ្លួនពិតជាបានយកថ្នាំញៀនពីឈ្មោះ អុំ ទៅលក់បន្តប្រាកដមែន។ ចំណែកឈ្មោះ អុំ ក៏បានសារភាពដែរថា ខ្លួនធ្លាប់ឲ្យថ្នាំញៀនទៅឈ្មោះ ហ៊រ ប្រហែល៣០០ដងមកហើយ ដោយថ្នាំញៀនទាំងនោះខ្លួនបានទិញពីបុរសម្នាក់នៅម្ដុំវត្តព្រែកប្រា ចំនួនកន្លះគីឡូក្រាមក្នុងតម្លៃ ៤ពាន់ដុល្លារ ដោយបានប្រគល់លុយឲ្យមុន ២ពាន់៦រយដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










