ភ្នំពេញ៖ លោក លី ធុជ តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានអញ្ជើញអបអរ សាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី០២ ខែមេសា ឆ្នាណ២០២៦ ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលសមិទ្ធផលនេះ មិនត្រឹមតែជាកិច្ចការបច្ចេកទេសនៃការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវជោគជ័យនៃការស្តារឡើងវិញនូវសុវត្ថិភាព សន្តិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោយសង្គ្រាមនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខេត្តកោះកុង លោក បណ្ឌិត លី ធុជ បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ចំពោះសមិទ្ធផលសកម្មភាពមីនក្នុងខេត្តកោះកុង ក៏ដូចជាប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម” និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព ហើយសេចក្តីថ្លៃថ្នូររបស់មនុស្សក៏ត្រូវបានស្តារឡើងវិញផងដែរ។ ប្រទេសឥណ្ឌា គឺជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ។
លោកទេសរដ្ឋមន្រ្តី ក៏បានអរគុណជូនដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រតិបត្តិករបោសសម្អាតមីន អង្គការសង្គមស៊ីវិល សប្បុរជន និងប្រជា ពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នេះ។
លោក បានបញ្ជាក់ថា សមិទ្ធផលនៃការបោសសម្អាតមីន មិនអាចកើតមានឡើងបានឡើយបើគ្មាន សន្តិភាពពេញ លេញ ដែលកម្ពុជាទទួលបានតាមរយៈ គោលនយោ បាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសកម្ពុជា។ សន្តិភាពនេះ បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការអនុវត្តការងារបោសសម្អាតមីន និងការស្តារឡើងវិញនូវការអភិវឌ្ឍន៍នៅតាមតំបន់ដែលធ្លាប់រងផលប៉ះពាល់ពីសង្គ្រាម ៕
ដោយ៖ សំរិត










