ខេត្តព្រះសីហនុ៖ កងនាវាចរប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹករុស្ស៊ី នឹងមកទស្សនកិច្ចក្រៅផ្លូវការនៅកម្ពុជារយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី ៥ មេសា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាម២០២៦។ កម្មវិធីនេះ នឹងមានការចូលរួមដោយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា។វត្តមាននាវាចម្បាំងរុស្ស៊ីនៅកម្ពុជាពេលនេះ ក្នុងគោលបំណងបង្កើនចំណងមិត្តភាព។
យោងតាមអ្នកនាំពាក្យកងទ័ពជើងទឹកកម្ពុជា លោក សំ សុខា បានឱ្យដឹងថា ប្រតិភូដឹកនាំនាវាទាំងបីគ្រឿងនេះគឺលោក វរនាវីឯក GAEVOY Andrei ជាប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី។ នាវាទាំងបីគ្រឿងនោះរួមមានទី១ឈ្មោះ SOVERSHENNYY លេខ 333 ,ទី២ ឈ្មោះ REZKIY លេខ 343 និង នាវាទី៣ឈ្មោះ PECHENGA ។ នាវិកនៃនាវាចម្បាំងរបស់រុស្ស៊ីទាំងបីគ្រឿងនេះគឺមានចំនួន២៦២នាក់។
ក្នុងអំឡុងពេលចូលសំចតនេះ ប្រតិភូនៃនាវានឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំកម្ពុជាមួយចំនួន ព្រមទាំងមានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ ដើម្បីបង្កើនមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឲ្យកាន់តែមានភាព ស្និទ្ធស្នាលបន្ថែមទៀតនោះ៕ដោយ៖តារា










