ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានចេញបទបញ្ជាឱ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា បន្ទាប់ពីសម្ដេច បានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជា ។
យោងតាមបណ្ដាញសង្គមសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
ជាមួយនឹងការប្រតិកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះ ពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕
ដោយ៖តារា










