រាជរដ្ឋាភិបាលនឹង«ដកអាជ្ញាប័ណ្ណនិងបញ្ចប់តួនាទី បណ្ដេញចេញពីក្របខណ្ឌ»លើក្រុមហ៊ុន មន្ត្រីរាជការ ឬកម្លាំងប្រដាប់អាវុធ លួចនាំប្រេងពីថៃចូលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ នេះជាបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបង្ហោះលើផេកផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ។

សម្តេចធិបតីចេញបញ្ជាបែបនេះ បន្ទាប់ពីសម្តេចបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។

ក្នុងនោះសម្តេចធិបតី បានបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។

សម្តេចបញ្ជាក់ថា ៖ កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print