ខេត្តស្វាយរៀង៖ ទីតាំងកាស៊ីណូយីហោ” សៀងហៃ រីហ្សត” ត្រូវបានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយនេះ ស្ថិតនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ។
ជាក់ស្ដែងកងកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី ០១ ខែមេសា ២០២៦ បានចុះឆែកឆេរទីតាំងកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការនោះកងកម្លាំងសមត្ថកិច្ចជំនាញ បានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន ១០៧ នាក់ (ស្រី ២៦ នាក់) មាន ៤ សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។
គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការនេះ ធ្វើឡើងមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និងអយ្យការអម សាលាដំបូងខេត្តស្វាយរៀង៕ដោយ៖តារា










