ខេត្តកំពង់ស្ពឺ÷ កម្លាំងសមត្ថកិច្ចចម្រុះបានសម្រេចចិត្តផ្ទុះអាវុធដើម្បីបំបែកហ្វូងប្រជាពលរដ្ឋ ដែលបានយករនាំងដែកមកឡោមព័ទ្ធរារាំងការបញ្ជូនខ្លួនជនសង្ស័យម្នាក់ត្រូវជាកូនម្ចាស់ហាងទិញលក់រថយន្ត ពាក់ព័ន្ធករណីលួចរថយន្តពីខេត្តព្រៃវែង។ ប្រតិបត្តិការបង្ក្រាបដ៏តានតឹងនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ មេសា ២០២៦ នៅទីតាំងហាងទិញលក់រថយន្តមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ករណីចោរលួចរថយន្តនេះបានកើតឡើងកាលពីថ្ងៃទី២៥ មីនា ២០២៦ វេលាម៉ោង ៤ និង៣១នាទីទៀបភ្លឺ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចយករថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3D-0908 ដែលចតទុកនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រភពដដែលបានបន្តថា ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលខេត្តព្រៃវែងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានប្រឹងប្រែងតាមដានស្រាវជ្រាវអស់ជិត ២សប្តាហ៍ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលជាកូនម្ចាស់ហាងទិញលក់រថយន្តខាងលើ។
ទោះជាយ៉ាងណាក្តី នៅពេលសមត្ថកិច្ចត្រៀមដឹកជន សង្ស័យចេញ ស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់បានយករនាំងដែកមកឡោមព័ទ្ធរថយន្តរបស់សមត្ថកិច្ចមិនឲ្យចាកចេញឡើយ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដោយសារតែស្ថានភាពមានការរារាំងការអនុវត្តច្បាប់យ៉ាងខ្លាំងក្លា ជាជម្រើសចុងក្រោយកម្លាំងសមត្ថកិច្ចចម្រុះក៏បានបាញ់ផ្ទុះអាវុធដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ទើបអាចនាំខ្លួនជនសង្ស័យចេញបានដោយជោគជ័យ។
ជុំវិញបាតុភាពដ៏ហួសចិត្តនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា កម្លាំងនគរបាលព្រៃវែងបានប្រឹងប្រែងដាច់បាយដាច់ទឹកជិត ២សប្តាហ៍ ទម្រាំបង្ក្រាបបាន តែមិនគួរណាប្រជាពលរដ្ឋមិនយល់សាច់ រឿងបែរជាធ្វើទង្វើបែបនេះដាក់សមត្ថកិច្ចសោះឡើយ ដែលនេះជាទង្វើខុសផ្លូវច្បាប់ និងខុសទាំងសីលធម៌ផងដែរ៕





ដោយ៖ សុរិយា










