ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ និង លោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធី បើក«សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ដើម្បីអបអរសាទរ ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ដោយ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការនៃ ក្រសួងទេសចរណ៍ និង លោក ផាន់ យុត អភិបាលស្រុក និង ភរិយា ព្រមទាំងមានការចូលរួមដោយ លោក លោកស្រី ដែលជា ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ជាច្រើននាក់ ។
ការរៀបចំព្រឹត្តិការណ៍ នេះឡើង «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» គឺមានគោលបំណងថែរក្សាបានប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មី ដែលនឹងយាងមកគ្រង អភិបាលរក្សាលោក ក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកម្សាន្ត «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ឲ្យបានច្រើនកុះករ ដែលប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៥ ខែមេសា ឆ្នាំ២០២៦ ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ក៏មានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ-បុរាណ ដើម្បីរាំកម្សាន្តតាមប្រពៃណីខ្មែរ រួមជាមួយនឹងពិធីហែរសង្ក្រាន្ត / ឆៃយ៉ា / របាំត្រុដិ / ហែរខ្សែព្រាត់/របាំត្រុដិ /កម្មវិធីរាំកំសាន្ត /ល្បែងលោតការ៉ុងប្រណាំងគ្នា ២ក្រុម (ក្រុមសិស្សតូច១ សិស្សធំ១) /ល្បែងបូមទឹកដាក់ដប ២ក្រុម (ក្រុមសិស្សតូច១ និងសិស្សធំ១)/ល្បែងដណ្តើមស្លឹកឈើ (រៀបចំជា២ក្រុម បុរស និងនារី) /ល្បែងប្រណាំងកង់យឺត (ផ្នែកកុមារា/យុវជន) /ល្បែងវាយក្អម / ល្បែងទូលក្អម/ល្បែងចោលឈូង /ល្បែងទាញព្រាត់/ រាំកម្សាន្តទាំងអស់គ្នា ៕
ដោយ ៖ សិលា




























