ខេត្តកំពង់ចាម÷សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការ ស្ទាក់ឃាត់ខ្លួនអ្នកបើកបររថយន្ដ ដែលរត់គេចពីកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួស កងកម្លាំងនគរបាលចំនួន ៣នាក់ និងខូចខាតម៉ូតូចំនួន ៤គ្រឿង និងរថយន្តចំនួន ៤គ្រឿង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបង្ហាញអំពីអង្គហេតុថា នៅវេលាម៉ោង០៩:៣៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូក្នុងភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកកើតឡើង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បព្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក TOYOTA VELL FIRE ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2BA-7775 បើកបរ ដោយ ឈ្មោះ ប៉ុន ពោធិចា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបុកប៉ះជាមួយរថយន្ត ១គ្រឿងម៉ាក Tacoma ពណ៌ ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2 AQ-7400 និងបន្ដទៅបុកប៉ះជាមួយរថយន្តម៉ាក TOYOTA Highlander ពណ៌ទឹកប្រាក់ ស្លាកលេខ 2AM-8590 បន្ទាប់មកអ្នកបើកបររថយន្តម៉ាក TOYOTA VELL FIRE ពណ៌ខ្មៅ ស្លាក់លេខ ភ្នំពេញ 2BA-7775 បានបន្តបើករត់គេចពីកន្លែងកើតហេតុ ។
ប្រភពបន្តថាខណៈនោះ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្តខាងលើ តែរថយន្តនេះមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បើកបំបុកសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន៣នាក់ និងខូចខាតម៉ូតូ ចំនួន៤គ្រឿងទៀតជាបន្តបន្ទាប់ ហើយមិនបានឈប់រថយន្ត ក៏បន្ដទៅដល់ចំណុច ស្ថិតក្នុងភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ក៏បានបើកបំបុករថយន្ដកម្លាំងនគរបាល ដែលកំពុងប្រតិបត្តិការ ១គ្រឿងទៀត ។
ដើម្បីការពារខ្លួន និងកុំឲ្យបន្តមានគ្រោះថ្នាក់ដល់អ្នកដទៃបន្តទៀតផងនោះ ដោយក្នុងពេលកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធ ចំនួន ៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងលើ ។
សូមបញ្ជាក់ថា ករណីនេះ បណ្ដាលឲ្យរងរបួស កង កម្លាំងនគរបាលចំនួន ៣នាក់ និងខូចខាតម៉ូតូចំនួន ៤គ្រឿង និងរថយន្តចំនួន ៤គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបរឈ្មោះ ប៉ុន ពោធិចា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ចូនទៅស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ចាម តាមការសម្របសម្រួលរបស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕










